ប្រទេស ២នេះ នឹងក្លាយជាសមាជិកណាតូ នៅឆ្នាំនេះ

0

បរទេស៖ នាយករដ្ឋមន្ត្រីហូឡង់ លោក ម៉ាក រូតតេ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសហ្វាំងឡង់ និងស៊ុយអែតនឹងក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការណាតូនៅក្នុងឆ្នាំនេះ។

លោកបាននិយាយនៅក្នុងពិធីពិសារអាហារពេលព្រឹកនៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ប្រទេសហ្វាំងឡង់ និងស៊ុយអែតនឹងចូលរួមជាមួយអង្គការណាតូ»។ មេដឹកនាំហូឡង់រូបនេះបាននិយាយបន្ថែមថា «វាសមហេតុសមផលជាប្រវត្តិសាស្ត្រ ហើយវាគឺជាការចង់បានរបស់ពួកគេ ដោយពួកគេគួរតែជាផ្នែកមួយនៃអង្គការណាតូ។ ប៉ុន្តែនៅពេលនេះ វាមិនទាន់អាចធ្វើទៅបានទេ ដោយសារតែកិច្ចចរចានៅកំពុងបន្ត។ ខ្ញុំផ្ទាល់ក៏កំពុងពិភាក្សាជាមួយប្រធានាធិបតីតួកគី លោក រេសេប តាយយីប អេដូហ្គែន និងអ្នកផ្សេងទៀតដើម្បីស្វែងរកផ្លូវឆ្ពោះទៅមុខផងដែរ ដោយពិភាក្សាអំពីរបៀបធ្វើឱ្យរឿងនេះកើតឡើង។ ខ្ញុំគិតថាវាទាំងអស់នឹងមិនកើតឡើងនៅសប្តាហ៍ក្រោយទេ ហើយប្រហែលជាមិនមានសូម្បីតែនៅខែក្រោយ ប៉ុន្តែខ្ញុំជឿជាក់ថា វានឹងកើតឡើងនៅក្នុងឆ្នាំនេះ»។

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ទីក្រុងហ៊ែលស៊ីនគី និងទីក្រុងស្តុកខម បានដាក់ពាក្យសុំចូលរួមនៅក្នុងប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក ប៉ុន្តែដំណើរការនេះត្រូវបានរារាំងដោយប្រទេសតួកគី ដែលទាមទារឱ្យប្រទេសទាំងពីរចាត់ទុកអង្គការឃឺដជាក្រុមភេរវករ ហើយធ្វើបត្យាប័នអ្នកដែលសង្ស័យថាជាអំពើភេរវកម្ម និងពាក់ព័ន្ធនឹងរដ្ឋប្រហារឆ្នាំ២០១៦ ទៅកាន់ទីក្រុងអង់ការ៉ា និងលុបចោលការហាមឃាត់ការផ្គត់ផ្គង់អាវុធដល់ប្រទេសតួកគី។ កិច្ចពិភាក្សារវាងប្រធានាធិបតីតួកគី រេសេប តាយយីប អេដូហ្គែន ប្រធានាធិបតីហ្វាំងឡង់ លោក សាអូលី នីនីស្តូ បន្ទាប់មកនាយករដ្ឋមន្ត្រីស៊ុយអែត លោក ម៉ាកដាឡេណា អាន់ដឺរសុន និងអគ្គលេខាធិការអង្គការណាតូ លោក ជែនស៍ ស្តូលធែនបឺក បានធ្វើឡើងនៅទីក្រុងម៉ាឌ្រីដកាលពីថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២២។ ជាលទ្ធផល អនុស្សរណៈមួយត្រូវបានចុះហត្ថលេខា ដែលធ្វើឱ្យវាអាចទៅរួចសម្រាប់ប្រទេសស៊ុយអែត និងហ្វាំងឡង់ក្នុងការចូលរួមជាមួយអង្គការណាតូ។ មេដឹកនាំតួកគីបានបញ្ជាក់ថា ប្រទេសស៊ុយអែតបានសន្យាធ្វើបត្យាប័នមនុស្សជាង ៧០នាក់ដែលជាប់ពាក់ព័ន្ធក្នុងសកម្មភាពភេរវកម្ម៕

ប្រភព៖ ក្រសួងព័ត៌មាន