ភ្នំពេញ៖ អនុវត្តអនុសាសន៍ណែនាំរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងដើម្បីការពារសុខុមាលភាព និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមដែលនឹងឈានចូលមកដល់នៅថ្ងៃខាងមុខ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានក.ប.ប. បានណែនាំមន្ត្រីក្រោមឱវាទ ឱ្យបង្កើនសកម្មភាពចុះត្រួតពិនិត្យបណ្តា ទីផ្សារនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការចរាចរទំនិញមិនមានអនុលោមភាព ពិសេសម្ហូបអាហារ។ ជាក់ស្តែង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ មន្ត្រីអគ្គនាយកដ្ឋានក.ប.ប. ប្រចាំរាជធានីភ្នំពេញបានចុះត្រួតពិនិត្យ ស្តង់លក់ផលិតផលសមុទ្រស្រស់ នៅម្តុំត្រឡោកបែក ដើម្បីយកគំរូមកវិភាគរកវត្តមានសារធាតុ គីមីហាមឃាត់ ដោយប្រើប្រាស់រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ។
យោងលទ្ធផលវិភាគបឋមដោយឧបករណ៍ដែលបំពាក់លើរថយន្តពិសោធន៍ចល័ត ចំពោះគំរូផលិតផលចំនួន ៤០ បានបង្ហាញឱ្យឃើញថា ពុំមាន ប្រើប្រាស់សារធាតុគីមីហាមឃាត់ទេ។ ទោះយ៉ាងនេះក្តី មន្ត្រីជំនាញបានយកគំរូផលិតផលទាំងនោះមកវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន បន្ថែមទៀត ដើម្បីផ្ទៀងផ្ទាត់លទ្ធផល។ ជាមួយគ្នានោះ មន្ត្រីសាខាក.ប.ប. រាជធានីភ្នំពេញ បានត្រួតពិនិត្យផលិតផលបង្គាស្រស់ ដែលកំពុងដាក់លក់តាមបណ្តាស្តង់ និងបានរកឃើញបង្គាចំនួន ១៨០ គីឡូក្រាម មានចាក់បញ្ចូលសារធាតុ CMC (ចាហួយ)។ មន្ត្រីជំនាញ បានអនុវត្តនីតិវិធីពិន័យអន្តរការណ៍ រឹបអូសទំនិញទាំងនោះមកកម្ទេចចោលផងដែរ។
សូមបញ្ជាក់ថា សារធាតុ CMC (ចាហួយ) ជាសារធាតុដែលឈ្មួញ ខិលខូចមួយចំនួន តែងយកមកប្រើប្រាស់សម្រាប់ចាក់បញ្ចូលក្នុងផលិតផលបង្គាស្រស់ ដើម្បីបង្កើនទំងន់ ក្នុងគោលបំណងកឹបកេងផលប្រយោជន៍របស់អ្នកប្រើប្រាស់៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF