ថៃកំពុងពិចារណា ក្នុងការដំឡើងថ្លៃសេវាទេសចរណ៍សម្រាប់ភ្ញៀវទេសចរបរទេស

0

បរទេស៖ គណៈកម្មាធិការគោលនយោបាយទេសចរណ៍ជាតិរបស់ប្រទេសថៃគ្រោងនឹងពិចារណាទៅលើសំណើសុំដំឡើងថ្លៃសេវាទេសចរណ៍សម្រាប់ភ្ញៀវទេសចរបរទេសចំនួន ៣០០បាតនៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃទី២៤ ខែមករាខាងមុខ។

យោងតាមលោក ភីផាត់ រ៉ាតចាគីតប្រាកាន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃបានឱ្យដឹងថា គណៈកម្មាធិការនេះនឹងត្រូវបានស្នើសុំឱ្យអនុម័តចំពោះអត្រាដូចគ្នានេះសម្រាប់ភ្ញៀវទេសចរដែលទៅដល់តាមផ្លូវអាកាស ផ្លូវគោក និងទូក។ ប្រសិនបើសំណើនេះត្រូវបានអនុម័ត ការប្រមូលកម្រៃសេវាទេសចរណ៍នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមិថុនា។

លោក ភីផាត់ បានកត់សម្គាល់ថា ប្រជាពលរដ្ឋមកពីប្រទេសជិតខាងដែលប្រើប្រាស់ប័ណ្ណឆ្លងព្រំដែនចូលទៅក្នុងប្រទេសថៃ ហើយជនបរទេសដែលមានប័ណ្ណការងារធ្វើការងារនៅក្នុងប្រទេសនឹងត្រូវបានលើកលែងពីថ្លៃសេវានេះ។

លោករដ្ឋមន្ត្រី ភីផាត់ បាននិយាយថា ថ្លៃសេវាទេសចរណ៍ចូលទៅក្នុងប្រទេសថៃនេះនឹងត្រូវប្រមូលក្រោមការផ្តល់វិសោធនកម្មច្បាប់គោលនយោបាយទេសចរណ៍ជាតិ ដែលត្រូវបានអនុវត្តចាប់តាំងពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ មក។ ការអនុវត្តនេះបានផ្តល់អំណាចដល់រដ្ឋាភិបាលក្នុងការប្រមូលថ្លៃសេវាទេសចរណ៍ចូលពីភ្ញៀវទេសចរដែលនឹងត្រូវប្រើប្រាស់ដើម្បីបង្កើតមូលនិធិសម្រាប់ការផ្សព្វផ្សាយទេសចរណ៍៕

ប្រភព៖ ក្រសួងព័ត៌មាន