បរទេស៖ ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDRRMC) របស់ប្រទេសហ្វីលីពីនបានជូនដំណឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងដល់ ២៧នាក់ហើយ ខណៈដែលចំនួនអ្នករងរបួសមានចំនួនប្រមាណជិត ១០នាក់។
ផ្ទះសរុបចំនួន ១ ២៨១ខ្នងត្រូវបានរងការខូចខាត ហើយផ្ទះចំនួន ៣៦៩ខ្នងត្រូវបានបំផ្លាញទាំងស្រុង។ ទីក្រុងជាង៥០ បានជួបប្រទះការរំខានផ្នែកថាមពល។ ផ្លូវជាង២០០ និងស្ពានជាង៥០ បានរងការខូចខាតដោយសារគ្រោះទឹកជំនន់។
យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនេះបានឱ្យដឹងថា មជ្ឈមណ្ឌលជម្លៀសសរុបចំនួន២១៧ ត្រូវបានបង្កើតឡើង ដែលបច្ចុប្បន្នមានប្រជាជនរស់នៅប្រមាណ ១១២ ៦០០នាក់។
កាលពីថ្ងៃសៅរ៍ ក្រុមប្រឹក្សា NDRRMC បាននិយាយថា មនុស្សយ៉ាងហោចណាស់ចំនួន ២០នាក់បានស្លាប់ដោយសារគ្រោះទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។ មនុស្សចំនួន ៨នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍ថាបានរងរបួស និងមនុស្សម្នាក់បាត់ខ្លួន៕
ប្រភព៖ ក្រសួងព័ត៌មាន