បរទេស៖ យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូងបានឱ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងសិង្ហបុរីបានចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូឌីជីថលទ្វេភាគី (DPA) ក្នុងរយៈពេលប្រហែលជាពីរខែបន្ទាប់ពីប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។
កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថលដំបូងគេរបស់កូរ៉េខាងត្បូង។
យោងតាមក្រសួងនោះបានឱ្យដឹងថា កិច្ចព្រមព្រៀង DPA បានបង្កើតច្បាប់សម្រាប់ប្រតិបត្តិការឌីជីថលដែលមានភាពលឿនរហ័ស និងមានសុវត្ថិភាពជាងមុន ជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មក្នុងអាណាចក្រឌីជីថល រួមទាំងមាតិកាឌីជីថល និងសេវាកម្មអនឡាញផ្សេងៗ និងការការពារអ្នកប្រើប្រាស់ឱ្យកាន់តែប្រសើរឡើងក្នុងអំឡុងពេលនៃការធ្វើពាណិជ្ជកម្មអនឡាញ។
កិច្ចព្រមព្រៀងនេះក៏ត្រូវបានគេរំពឹងផងដែរថានឹងជួយលើកកម្ពស់ការនាំចេញរបស់កូរ៉េខាងត្បូងទៅកាន់តំបន់អាស៊ានតាមរយៈប្រព័ន្ធអនឡាញ ដោយសារប្រទេសសិង្ហបុរីមានវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកឈានមុខគេដូចជាគេហទំព័រពាណិជ្ជកម្មអនឡាញ Lazada និង Shopee ជាដើម។
យោងតាមក្រសួងនោះបានឱ្យដឹងថា ប្រទេសសិង្ហបុរី គឺជាដៃគូពាណិជ្ជកម្មធំជាងគេលំដាប់ទី១១ របស់កូរ៉េខាងត្បូង ហើយមានកម្រិតឌីជីថលស្រដៀងគ្នា៕
ប្រភព៖ ក្រសួងព័ត៌មាន