ប្រទេសអារ៉ាប់អាមីរ៉ាត់ សម្រេចវិនិយោគទឹកប្រាក់ចំនួន ៣០ប៊ីលានដុល្លារអាម៉េរិកទៅកាន់ប្រទេសមួយនេះ

0

បរទេស៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអាទិត្យថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលរវាងមេដឹកនាំនៃប្រទេសកូរ៉េខាងត្បូង និងអារ៉ាប់អេមីរ៉ាត់រួមនៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់អាមីរ៉ាត់រួមបានសម្រេចចិត្តវិនិយោគទឹកប្រាក់ចំនួន ៣០ប៊ីលានដុល្លារអាម៉េរិកនៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងវិស័យថាមពលនុយក្លេអ៊ែរ អាវុធ និងថាមពល។

ការិយាល័យនោះបាននិយាយថា ប្រធានាធិបតីអារ៉ាប់អេមីរ៉ាត់រួម លោក ម៉ូហាម៉េដ ប៊ីន ហ្សាយ៉េដ អាល់ ណាហ៍យ៉ាន បានប្រកាសពីការសម្រេចចិត្តនេះ ខណៈដែលលោកជួបប្រជុំជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល ដោយលោកបាននិយាយថា «យើងបានសម្រេចចិត្តធ្វើការវិនិយោគដោយទំនុកចិត្តនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាការរក្សាសន្យារបស់ខ្លួនគ្រប់កាលៈទេសៈទាំងអស់»។

លេខាធិការជាន់ខ្ពស់របស់ប្រធានាធិបតីទទួលបន្ទុកកិច្ចការសារព័ត៌មាន លោក គីម អ៊ុនហ៊ី បាននិយាយថា ការវិនិយោគនេះនឹងត្រូវបានធ្វើឡើងស្មើៗគ្នាទៅលើផ្នែកនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ រួមទាំងថាមពលនុយក្លេអ៊ែរ អាវុធ អ៊ីដ្រូសែន និងថាមពលពន្លឺព្រះអាទិត្យ។

លោក ម៉ូហាម៉េដ ត្រូវបានដកស្រង់សម្តីដែលបាននិយាយថា «ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអាជីវកម្មនៅកូរ៉េខាងត្បូង ដែលអនុវត្តកិច្ចសន្យារបស់ពួកគេដោយមិនគិតពីការលំបាក រួមទាំងក្នុងពេលវេលានៃការរាតត្បាតជំងឺកូវីដ១៩។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតី យូន ស៊ុកយុល នឹងក្លាយជាឱកាសប្រវត្តិសាស្ត្រសម្រាប់ទំនាក់ទំនងទ្វេភាគី»។

លោក គីម បាននិយាយថា លោក យូន បានសន្យាក្នុងការឆ្លើយតបទៅនឹងការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធនៃការវិនិយោគនេះ ដូច្នេះវាមិនត្រឹមតែផ្តល់ផលចំណេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីយ៉ាងធំធេងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់អេមីរ៉ាត់អារ៉ាប់រួមផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន