បរទេស៖ អាជ្ញាធរថៃបានសម្រេចកែប្រែវិធានមួយចំនួនស្ដីពីការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ ចំពោះភ្ញៀវទេសចរបរទេស បន្ទាប់ពីកិច្ចប្រជុំអន្តរក្រសួងកាលពីថ្ងៃទី៥ ខែមករា។
អាស្រ័យហេតុនេះ ភ្ញៀវទេសចរទាំងអស់ដែលទៅកាន់ប្រទេសថៃត្រូវបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ យ៉ាងហោចណាស់ពីរដូស។ ដូចគ្នានេះដែរ អ្នកទេសចរដែលនឹងធ្វើដំណើរបន្តពីប្រទេសថៃទៅកាន់ប្រទេសដែលតម្រូវឱ្យមានលទ្ធផលតេស្ត RT-PCR អវិជ្ជមាន ត្រូវតែផ្តល់ភស្តុតាងនៃការធានារ៉ាប់រង។
លោក អានុទីន ចាន់វីរៈគុល រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានប្រាប់ក្រុមអ្នកសារព័ត៌មានថា កិច្ចការនេះនឹងធានាថាពួកគេអាចឆ្លើយតបនឹងការចំណាយទៅលើការព្យាបាលរបស់ពួកគេ ប្រសិនបើការធ្វើតេស្តរបស់ពួកគេនៅក្នុងប្រទេសថៃមានលទ្ធផលវិជ្ជមាន។
លោកបាននិយាយបន្ថែមថា គោលការណ៍គឺនឹងមិនមានការរើសអើងចំពោះប្រទេសណាមួយទេ ព្រោះជំងឺកូវីដ១៩ កំពុងរីករាលដាលនៅគ្រប់ប្រទេសទាំងអស់។
ក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសថៃ ភ្ញៀវទេសចរនឹងត្រូវបានណែនាំឱ្យការពារខ្លួនដោយពាក់ម៉ាស់នៅទីកន្លែងសាធារណៈ និងនៅលើយានជំនិះសាធារណៈ លាងដៃឱ្យបានទៀងទាត់ ធ្វើតេស្តអង់ទីហ្សែនប្រសិនបើពួកគេមានរោគសញ្ញាផ្លូវដង្ហើម ហើយត្រូវទៅមន្ទីរពេទ្យប្រសិនបើពួកគេមានរោគសញ្ញាកាន់តែធ្ងន់ធ្ងរ។
លោករដ្ឋមន្ត្រីមិនបាននិយាយទេថា តើពេលណាវិធានការថ្មីនេះនឹងចូលជាធរមាន ប៉ុន្តែមន្ត្រីបាននិយាយថា ពួកគេគួរតែចាប់ផ្តើមមុនពេលភ្ញៀវទេសចរចិនមកដល់ចាប់ពីថ្ងៃទី៨ ខែមករាទៅ។
អាជ្ញាធរទេសចរណ៍នៃប្រទេសថៃបានកែប្រែការព្យាកររបស់ខ្លួនសម្រាប់ការទៅដល់របស់ភ្ញៀវទេសចរបរទេសពីចំនួន ១៨លាននាក់ទៅ ២០លាននាក់កាលពីមុន ដល់ចំនួន ២៥លាននាក់សម្រាប់ឆ្នាំ២០២៣ បន្ទាប់ពីប្រទេសចិនបានបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរទាក់ទងនឹងជំងឺកូវីដ១៩៕
ប្រភព៖ ក្រសួងព័ត៌មាន