បរទេស៖ ប្រទេសឡាវ និងចិន បានព្រមព្រៀងគ្នាក្នុងការបើកច្រកទ្វារអន្តរជាតិបូទែន-បូហាន ដែលតភ្ជាប់ខេត្តហ្លួងណាំថានៃប្រទេសឡាវ និងខេត្តយូណានរបស់ប្រទេសចិនឡើងវិញនៅថ្ងៃទី៨ ខែមករាខាងមុខនេះ។
ទីភ្នាក់ងារសារព័ត៌មាន KPL របស់ឡាវ បាននិយាយដោយដកស្រង់សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសឡាវថា ច្រកទ្វារព្រំដែនត្រូវបានកំណត់ដើម្បីបើកឡើងវិញស្របតាមគោលនយោបាយដែលត្រូវបានកែសម្រួលរបស់ប្រទេសចិន ស្តីពីកិច្ចការពារ និងការគ្រប់គ្រងជំងឺកូវីដ១៩។
ប្រទេសចិនគឺជាប្រភពដ៏ធំមួយនៃភ្ញៀវទេសចរទៅកាន់ប្រទេសឡាវ។ ដូច្នេះហើយ ការបើកច្រកទ្វារព្រំដែនឡើងវិញត្រូវបានគេរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរចិនបានយ៉ាងច្រើន ដូច្នេះហើយវានឹងបង្កើតជាកម្លាំងជំរុញសម្រាប់វិស័យទេសចរណ៍ឡាវឱ្យងើបឡើងវិញ និងមានភាពរីកចម្រើនបន្ទាប់ពីជំងឺរាតត្បាត។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រទេសឡាវបានស្វាគមន៍ភ្ញៀវទេសចរបរទេសប្រមាណជិត ៦៤៥ ០០០នាក់ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២២ ដែលសម្រេចបាន ៧១,៦៤% នៃគោលដៅប្រចាំឆ្នាំ៕
ប្រភព៖ ក្រសួងព័ត៌មាន