ប្រធានាធិបតីកូឡុំប៊ី ប្រកាសពីបទឈប់បាញ់គ្នាជាមួយក្រុមប្រដាប់អាវុធខុសច្បាប់ចំនួន០៥

0

បរទេស៖ កាលពីល្ងាចថ្ងៃសៅរ៍ ប្រធានាធិបតីកូឡុំប៊ីលោក Gustavo Petro មកពីបក្សឆ្វេងនិយម និងជាអតីតកងទ័ពព្រៃបានប្រកាសបទឈប់បាញ់ដែលបានធ្វើឡើងនៅក្នុងខែមករាជាមួយក្រុមប្រដាប់អាវុធខុសច្បាប់ចំនួន០៥ ដើម្បីគាំទ្រការចរចាសន្តិភាព ។

លោក Petro បានសន្យាថា នឹងបញ្ចប់ជម្លោះផ្ទៃក្នុងរបស់ប្រទេសក្នុងតំបន់ Andean ដែលបានកើតឡើងអស់រយៈពេលជិត០៦ទស្សវត្សរ៍មកហើយ ដោយបានធ្វើឲ្យមនុស្សចំនួនយ៉ាងហោចណាស់ ៤៥០.០០០នាក់បានស្លាប់នៅចន្លោះឆ្នាំ១៩៨៥ និង២០១៨ ។

លោក Petro បានសរសេរនៅលើបណ្តាញសង្គមTwitter ថា “នេះគឺជាទង្វើដ៏ក្លាហានមួយ ។ បទឈប់បាញ់ទ្វេភាគីតម្រូវឲ្យអង្គការប្រដាប់អាវុធ និងរដ្ឋាភិបាលគោរពតាម ដោយមានយន្តការផ្ទៀងផ្ទាត់ថ្នាក់ជាតិ និងអន្តរជាតិ” ។

ក្នុងចំណោមក្រុមទាំងនោះមាន ក្រុមទ័ពព្រៃឆ្វេងនិយម កងទ័ពរំដោះជាតិ(ELN) ក្រុមប្រឆាំងដែលគ្រប់គ្រងដោយអតីតសមាជិកនៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី(FARC) គឺក្រុម Segunda Marquetalia និង Estado Mayor Central ។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយផ្សេងទៀត រដ្ឋាភិបាលកូឡុំប៊ីបាននិយាយថា ខ្លួនបានទទួលសំបុត្រពីប្រជាជនព្រះវិហារ និងអង្គការសហគមន៍ជាច្រើនដែលស្នើសុំឲ្យបញ្ចប់អំពើហិង្សា៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ