បរទេស៖ កសិករដាំដើមត្នោត និងកៅស៊ូនៅក្នុងខេត្តក្រាប៊ីរបស់ប្រទេសថៃត្រូវបានជំរុញឱ្យដាំកាហ្វេជំនួសវិញ ដោយសារតម្រូវការភេសជ្ជៈមួយនេះកំពុងមានការកើនឡើងយ៉ាងលឿននៅក្នុងទ្វីបអាស៊ីជាងតំបន់ផ្សេងៗទៀតនៅក្នុងពិភពលោក។
អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ស៊ីនីត លើតក្រៃ បាននិយាយថា ឥឡូវនេះ កាហ្វេក្រាប៊ីកំពុងទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិ ដោយសារការបញ្ជាក់របស់ខ្លួនថាជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI)។
លោកបានកត់សម្គាល់ថា គោលនយោបាយ GI របស់ក្រសួងបានជួយលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់កសិករ ដោយលោកបាននិយាយបន្ថែមថា លោករំពឹងថាកាហ្វេរបស់ក្រាប៊ីនឹងទទួលបានការចាប់អារម្មណ៍ជាសកល និងជួយជំរុញថាមពលទន់របស់ប្រទេសថៃ។
លោក ថាណាវ៉ាត់ ភូកៅលូន ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកសិកម្មបានចាត់ទុកថា វាបានជួយបង្កើនតម្លៃកាហ្វេក្រាប៊ី និងពង្រីកទីផ្សារកាហ្វេរបស់ប្រទេសថៃ។ ដោយបានដកស្រង់ទិន្នន័យពីអ្នកតាំងពិព័រណ៍ពាណិជ្ជកម្ម Informa Markets លោកបាននិយាយថា អាជីវកម្មកាហ្វេមានប្រជាប្រិយភាពក្នុងចំណោមសហគ្រិន និងអ្នកវិនិយោគ បន្ទាប់ពីជាប់ឈ្មោះក្នុងចំណោមអាជីវកម្មឆ្នើមនៅក្នុងឆ្នាំនេះ។
លោក ថាណាវ៉ាត់ បាននិយាយបន្ថែមថា គុណតម្លៃកាហ្វេថៃត្រូវបានគេរំពឹងថានឹងឡើងដល់ ៦០ប៊ីលានបាត (១,៧ប៊ីលានដុល្លារអាម៉េរិក) ក្នុងពេលឆាប់ៗនេះ ដែលគួរតែជំរុញឱ្យរដ្ឋាភិបាលលើកទឹកចិត្តកសិករដាំដើមត្នោត និងកៅស៊ូឱ្យដាំកាហ្វេជំនួសវិញ។
ការប្រើប្រាស់កាហ្វេនៅតំបន់អាស៊ីបានកើនឡើង ១,៥% ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ដោយបានយកឈ្នះការកើនឡើង ០,៥% របស់អឺរ៉ុប និង ១,២% របស់សហរដ្ឋអាមេរិក។ លោក ថាណាវ៉ាត់ យល់ឃើញថា តំបន់អាស៊ីនឹងក្លាយជាមជ្ឈមណ្ឌលអាជីវកម្មហាងកាហ្វេពិភពលោកនាពេលអនាគត៕
ប្រភព៖ ក្រសួងព័ត៌មាន