ទំនាក់​ទំនង​រវាង​ចិន ​និង​រុស្ស៊ី គឺ​រឹងមាំ​ដូចជាថ្ម

0

បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយកាលពីថ្ងៃអាទិត្យក្នុងសន្និសីទមួយថា ទំនាក់ទំនងរវាងចិន-រុស្ស៊ីនៅតែមានភាពរឹងមាំដូចថ្ម និងមិនមានការផ្លាស់ប្តូរទេ បើទោះស្ថិតក្រោមឥទ្ធិពលនៃស្ថានភាពអន្តរជាតិដែលមិនស្ថិតស្ថេរក៏ដោយ។

លោករដ្ឋមន្ត្រីបាននិយាយថា «ទំនាក់ទំនងដែលបានរក្សារវាងចិន និងរុស្ស៊ី គឺរឹងមាំដូចជាថ្ម។ ពួកគេមិនងាយនឹងត្រូវបានជ្រៀតជ្រែក និងញុះញង់ទេ ហើយការផ្លាស់ប្តូរសំខាន់ៗនៅក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះក៏មិនប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរនេះដែរ»។

លោក វ៉ាង យី បានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការរវាងទីក្រុងប៉េកាំង និងទីក្រុងមូស្គូ មិនមែនជាការប្រឆាំងទេ ហើយក៏មិនមានគោលបំណងប្រឆាំងនឹងភាគីទីបីណាមួយដែរ។ លោកបាននិយាយបន្ថែមថា «ចិន និងរុស្ស៊ីនិយាយយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងអនុត្តរភាព និងប្រឆាំងទៅនឹងសង្រ្គាមត្រជាក់ថ្មីមួយ»។

រដ្ឋមន្ត្រីរូបនេះបានកត់សម្គាល់ទៀតថា ប្រទេសទាំងពីរកំពុងជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ដោះស្រាយផលប្រយោជន៍ជាយុទ្ធសាស្ត្រទៅវិញទៅមក និងពឹងផ្អែកទៅលើទំនុកចិត្តទៅវិញទៅមក។

លោក​បាននិយាយ​បន្ត​ថា ​ទំហំ​ពាណិជ្ជកម្ម​រវាង​ចិន ​និង​រុស្ស៊ី​កំពុង​ឈាន​ដល់​តម្លៃ ២០០ប៊ី​លាន​ដុល្លារអាម៉េរិក​ក្នុង​មួយ​ឆ្នាំ។ លោក វ៉ាង យី បានកត់សម្គាល់ឃើញថា ការទូទាត់ជារូបិយប័ណ្ណជាតិនៅក្នុងពាណិជ្ជកម្មទៅវិញទៅមករវាងចិន និងរុស្ស៊ី កំពុងត្រូវបានពង្រីក ដោយលោកបានគូសបញ្ជាក់អំពីសារៈសំខាន់នៃគម្រោងទ្វេភាគីខ្នាតធំដែលបានអនុវត្តដោយកិច្ចខិតខំប្រឹងប្រែងរួមគ្នា៕

ប្រភព៖ ក្រសួងព័ត៌មាន