បរទេស៖ ប្រទេសឥណ្ឌូណេស៊ី មានបំណងនាំចេញឧស្ម័នធម្មជាតិទៅកាន់ប្រទេសវៀតណាមចាប់ពីឆ្នាំ២០២៦ ពីប្លុកឈូងសមុទ្រទូណា ដែលមានទីតាំងនៅជិតព្រំដែនសមុទ្រឥណ្ឌូណេស៊ី និងវៀតណាម។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែរបស់ប្រទេសឥណ្ឌូណេស៊ី លោក អារីហ្វីន តាស្រ៊ីហ្វ។
លោក អារីហ្វីន បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីអាចផ្គត់ផ្គង់ឧស្ម័នស្តង់ដារពី ១០០ ទៅ ១៥០លានហ្វីតគូបក្នុងមួយថ្ងៃ (MMSCFD) តាមរយៈបំពង់បង្ហូរឧស្ម័នពីប្លុកទូណា ដែលដំណើរការដោយក្រុមហ៊ុនថាមពលហារប័រ និងក្រុមហ៊ុនហ្សិតអិន អាស៊ី អិលធីឌី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនប្រេងរដ្ឋហ្សារូបេហ្សណេហ្វត៍របស់រុស្ស៊ី។
លោក អារីហ្វីន បាននិយាយថា តម្រូវការថាមពលរបស់វៀតណាម គឺធំធេងណាស់ ជាពិសេសសម្រាប់វិស័យឧស្សាហកម្ម។ ក្រៅពីការនាំចេញឧស្ម័ន ប្រទេសឥណ្ឌូណេស៊ី និងវៀតណាមក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យថាមពលកកើតឡើងវិញផងដែរ។
លោកបានកត់សម្គាល់ថា បច្ចុប្បន្ននេះ ប្រទេសវៀតណាមដំណើរការរោងចក្រវារីអគ្គិសនីដែលមានសមត្ថភាពផលិតថាមពលសរុបបានរហូតដល់ទៅ 70តេហ្កាវ៉ាត់ម៉ោង ដូច្នេះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងបំពេញបន្ថែមគ្នាទៅវិញទៅមក៕
ប្រភព៖ ក្រសួងព័ត៌មាន