អគ្គីភ័យឆាបឆេះផ្ទះ ២កន្លែងផ្សេងគ្នា!! ក្នុងទឹកដីខណ្ឌ ៧មករា​ និងទួលគោក

0

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ ២កន្លែងផ្សេងគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ដឹងថា ៖ ចំពោះករណីអគ្គិភ័យចំនួន ២ទីតាំងខាងលើនេះ រួមមានដូចខាងក្រោម ៖

ករណីអគ្គិភ័យទី១ ៖ នៅម៉ោង១ និង០០នាទីយប់រំលងអាធ្រាត ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចអាគារបុរីកីឡា អាគារទី០៦ ភូមិបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា បានបណ្តាលឲ្យឆាបឆេះបន្ទប់អស់ ១១បន្ទប់ទាំងស្រុង ថ្មបេតុង ទំហំ ២ម៉ែត្រ x ៤ម៉ែត្រ ខូតខាតសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង ។ ករណីអគ្គិភ័យនេះ ត្រូវបានរលត់ទៅវិញ នៅវេលាម៉ោង២ និង៣០នាទីយប់រំលងអាធ្រាតនាថ្ងៃដដែល ដោយក្នុងនោះប្រើប្រាស់រថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន ២១គ្រឿង ប្រើប្រាស់ទឹកអស់ ២១ឡាន ស្មើរនឹង ៨៤ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើរនឹង ០៦ម៉ែត្រគូប និងរថយន្តទីផ្សារទំនើប អូឡាំព្យា ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើរនឹង ០៨ម៉ែត្រគូប ។

ករណីអគ្គិភ័យទី២៖ នៅម៉ោង២ និង៣០នាទីយប់រំលងអាធ្រាត នៅចំណុចផ្ទះលេខ១៧១ តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ក្រុម៤៩ ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានបណ្តាលឲ្យឆាបឆេះផ្ទះអស់ ១ខ្នងទាំងស្រុង ឈើប្រក់សង្ក័សី ទំហំ ៨ម៉ែត្រ x ២៥ម៉ែត្រ ខូចខាតសម្ភារៈអស់ទាំងស្រុង និងបានរាលដាលដល់ផ្ទះអ្នកជិតខាងអស់ចំនួន ៣ល្វែង។ ករណីអគ្គិភ័យនេះ ត្រូវបានរលត់ទៅវិញ នៅវេលាម៉ោង៤ និង០០នាទីទៀបបភ្លឺនាថ្ងៃដដែល ដោយក្នុងនោះប្រើប្រាស់រថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន ២១គ្រឿង ប្រើប្រាស់ទឹកអស់ ៤២ឡាន ស្មើរនឹង ១៦៨ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើរនឹង ០៦ម៉ែត្រគូប ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានបញ្ជាក់ថា ៖ ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺកម្លាំងសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ ដោយនៅក្នុងនោះ មិនមានអ្នកណាម្នាក់រងរបួស និងប៉ះពាល់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋនោះឡើយ ។

ជាចុងក្រោយ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការសំណូមពរដល់បងប្អូនប្រជាពរលដ្ឋទាំងអស់គ្នា មេត្តាប្រុងប្រយ័ត្នឲ្យខ្ពស់បំផុត ។ ដោយសារតែមួយរយៈនេះ អាកាសធាតុមានការធ្លាក់ខ្យល់ខ្លាំង ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ មុននឹងធ្វើដំណើរចាកចេញពីលំដ្ឋានទៅកាន់តំបន់កំសាន្ត និងទៅកន្លែងធ្វើការក្តី ត្រូវធ្វើការបិទនៅប្រព័ន្ធភ្លើងឲ្យបានត្រឹមត្រូវមុននឹងធ្វើការចាកចេញពីលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ។

ក្នុងករណីមានគ្រោះអគ្គិភ័យកើតឡើង សូមបងប្អូនប្រជាពលរដ្ឋរាយការណ៍មកកាន់លេខ ៦៦៦ ដើម្បីឲ្យកម្លាំងសមត្ថកិច្ចជំនាញរបស់យើងចេញជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលាផងដែរ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ