ចិននឹងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សម្រាប់ការធ្វើពាណិជ្ជកម្មតាមបណ្តាលស្រុកនានារបស់ខ្លួន

0

បរទេស៖ កាលពីពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបានបង្ហាញក្រុមដំបូងនៃការធ្វើពាណិជ្ជកម្មឆ្លាតវៃតាមបណ្តាស្រុកនានាថ្នាក់ជាតិចំនួន១២​ និងហាងឆ្លាតវៃថ្នាក់ជាតិចំនួន១៦ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការធ្វើឱ្យប្រសើរឡើង និងការផ្លាស់ប្តូរការធ្វើពាណិជ្ជកម្មតាមបណ្តាស្រុកនានាជាមួយនឹងបច្ចេកវិទ្យា។

ការធ្វើពាណិជ្ជកម្មតាមបណ្តាស្រុកនានានៅទូទាំងប្រទេស បានបង្កើតវេទិកាទិន្នន័យធំសម្រាប់ប្រតិបត្តិការឆ្លាតវៃ​​ ហើយផ្សារទំនើបៗកំពុងរួមបញ្ចូលនូវការលក់រាយទាំងក្នុង និងក្រៅប្រព័ន្ធអនឡាញ។ ពួកគេបានធ្វើឱ្យប្រសើរឡើងឥតឈប់ឈរនូវគ្រឿងបរិក្ខារសេវាកម្មដើម្បីបង្កើតសេណារីយ៉ូនៃការប្រើប្រាស់ដ៏សម្បូរបែប។

ការបង្កើនល្បឿននៃការអនុវត្តបច្ចេកវិទ្យាឌីជីថលនៅក្នុងវិស័យនេះកំពុងនាំមកនូវបទពិសោធន៍ថ្មីៗដល់អ្នកប្រើប្រាស់។

លោក វូ សេងជុន អនុប្រធានគ្រប់គ្រងទូទៅនៃផ្សារទំនើបមួយនៅខាងលិចផ្លូវណានជីងក្នុងទីក្រុងសៀងហៃបាននិយាយថា «សកម្មភាពផ្សព្វផ្សាយជាច្រើនបានធ្វើឡើងនៅក្នុងផ្សារទំនើបរបស់យើង ប៉ុន្តែយើងនៅតែមិនអាចស្វែងរកអតិថិជនបាន។ ការគ្រប់គ្រងផ្នែកឌីជីថល បានដោះស្រាយយ៉ាងល្អសម្រាប់ផលវិបាលនៃការលក់រាយបែបប្រពៃណី»។

ផ្សារទំនើបមួយដែលគ្រប់គ្រងដោយក្រុមហ៊ុនលក់រាយដ៏ធំរបស់ចិន Suning.com នៅតំបន់ស៊ីនជីគូដែលមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ស្រុកណានជីង ខេត្តជាំងស៊ូនៅភាគខាងកើតប្រទេសចិន បានធ្វើឱ្យប្រសើរឡើងនូវសម្ភារៈបរិក្ខារ គំរូនៃការលក់ និងសេណារីយ៉ូនៃការប្រើប្រាស់ ដើម្បីផ្តល់នូវបទពិសោធន៍អន្តរកម្មថ្មីសម្រាប់អតិថិជន។

ការផ្លាស់ប្តូរឌីជីថលដែលរួមបញ្ចូលជាមួយបច្ចេកវិទ្យា និងម៉ូត បានបង្កើនការលក់ជាមធ្យមប្រចាំខែរបស់ផ្សារទំនើបនេះបានច្រើនជាងទ្វេដង។

ក្រុមអ្នកជំនាញជឿជាក់ថា នៅថ្ងៃអនាគត ការធ្វើពាណិជ្ជកម្មឆ្លាតវៃនៅតាមបណ្តាស្រុកនានានឹងបន្តផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់ប្រជាជន សម្របសម្រួលតម្រូវការរបស់ទីផ្សារ ធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាព័ត៌មានទំនើប និងពង្រឹងសមត្ថភាពគ្រប់គ្រងរបស់ពួកគេ ដើម្បីបំពេញតម្រូវការចម្រុះរបស់អ្នកប្រើប្រាស់កាន់តែប្រសើរ៕

ប្រភព៖ ក្រសួងព័ត៌មាន