ពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌូណេស៊ី នៅតែមានអតិរេក នៅក្នុងឆ្នាំ២០២៣

0

បរទេស៖ ប្រធានទីភ្នាក់ងារគោលនយោបាយពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក កាសាន់ បានព្យាករថា ពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌូណេស៊ី នឹងនៅតែមានអតិរេកពីតម្លៃ ៣៨,៣ប៊ីលាន ទៅ ៣៨,៥ប៊ីលានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២៣។

យោងតាមមន្ត្រីរូបនេះបានឱ្យដឹងថា វានៅតែមានលទ្ធភាពដែលឥណ្ឌូណេស៊ីនឹងនៅតែមានអតិរេកនៅក្នុងសមតុល្យពាណិជ្ជកម្មនៅឆ្នាំក្រោយ។

លោក​បាននិយាយ​បន្ត​ថា អត្រា​កំណើន​នេះ​នឹង​អាស្រ័យទៅ​លើ​ស្ថានភាព​ដែល​នឹង​ត្រូវ​ប្រឈម​មុខ រួម​ទាំង​បណ្តាប្រទេសដែលជា​គោលដៅសម្រាប់ការ​នាំ​ចេញ​ផង​ដែរ។

ជាមួយនឹងអតិរេកពាណិជ្ជកម្មនេះ ក្រសួងពាណិជ្ជកម្មកំពុងកំណត់ទិសដៅនៃកំណើនការនាំចេញផលិតផលមិនមែនប្រេង និងឧស្ម័ននៅកម្រិតពី ៣,៩% ទៅ ៤,៧% នៅឆ្នាំក្រោយ។

ទន្ទឹម​នឹង​នេះដែរ ការ​នាំ​ចេញ​ប្រេង ​និង​ឧស្ម័ន​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​កើន​ឡើងពី ៦,៨% ទៅ ៨%។

លោក​បាននិយាយបន្ថែម​ថា ក្នុង​យុទ្ធសាស្ត្រនៃការ​បង្កើន​ការ​នាំ​ចេញ លោក កាសាន់ បាន​លើក​ឡើង​ថា ទិសដៅ​គោល​នយោបាយ​ គឺ​មាន​គោល​បំណង​អភិវឌ្ឍ​ការ​នាំ​ចេញ​ទំនិញ និង​សេវា​បន្ថែម​ដើម្បី​បង្កើន​ផលិតភាព​សេដ្ឋកិច្ច។

ក្រសួងនោះក៏បានផ្តោតសំខាន់ទៅលើកិច្ចខិតខំប្រឹងប្រែងដើម្បីនាំយកទំនិញឥណ្ឌូណេស៊ីចូលទៅក្នុងទីផ្សារនាំចេញមិនមែនជាប្រពៃណីនៅក្នុងបណ្តាប្រទេសនៅតំបន់អាហ្វ្រិក មជ្ឈិមបូព៌ា និងអាស៊ីខាងត្បូង។

លោក កាសាន់ បាននិយាយថា ដើម្បីពង្រឹងទីផ្សារក្នុងស្រុក យើងមានវិធានការដោះស្រាយពាណិជ្ជកម្មចំនួន១៨ ដែលស្នើឡើងដោយប្រទេសឥណ្ឌូណេស៊ី ដែលរួមមានវិធានការចំនួន១០ ប្រឆាំងនឹងការលក់បង្ខូចថ្លៃ និងវិធានការការពារខ្លួនឯងចំនួន៨៕

ប្រភព៖ ក្រសួងព័ត៌មាន