បរទេស៖ គ្រោះទឹកជំនន់ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុបានឆក់យកជីវិតមនុស្សជាង ២ ០០០នាក់ និងបានធ្វើឱ្យខូចខាតដល់ប្រទេសថៃដែលមានតម្លៃ ១២,៥៩ទ្រីលានបាត (៣៦៣ប៊ីលានដុល្លារអាម៉េរិក) ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ។ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់ក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិរបស់ប្រទេសថៃ (NESDC)។
តាមរបាយការណ៍ត្រីមាសទី៣ របស់ក្រុមប្រឹក្សានេះបានបញ្ជាក់ថា ប្រទេសថៃបាននិងកំពុងទទួលរងនូវផលប៉ះពាល់ដល់សង្គមយ៉ាងធ្ងន់ធ្ងរដោយសារតែការប្រែប្រួលអាកាសធាតុ។
ក្នុងរយៈពេលដែលកំពុងត្រួតពិនិត្យនេះ គ្រោះទឹកជំនន់ជាង ៤០ ០០០ដងបានវាយប្រហារប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
NESDC បានកត់សម្គាល់ទៅលើការសិក្សាបែបវិទ្យាសាស្ត្រក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះដោយបានបង្ហាញថា គ្រោះទឹកជំនន់កាន់តែអាក្រក់ឡើងៗដែលជាលទ្ធផលនៃការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយការឡើងកំដៅផែនដី៕
ប្រភព៖ ក្រសួងព័ត៌មាន