បរទេស៖ ប្រទេសឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិក បានប្តេជ្ញាចិត្តចាប់ផ្តើមភាពជាដៃគូអាកាសធាតុថ្មីមួយនៅដើមឆ្នាំក្រោយនេះ ជាមួយនឹងការផ្តល់មូលនិធិរហូតដល់ទៅ ៥០លានដុល្លារអាម៉េរិកដើម្បីជួយដល់ប្រទេសឥណ្ឌូណេស៊ីឱ្យសម្រេចបាននូវគោលដៅលិចឧស្ម័នកាបូនិចព្រៃឈើរបស់ខ្លួននៅត្រឹមឆ្នាំ២០៣០។
កាលពីខែឧសភាកន្លងទៅ ក្រសួងបរិស្ថាន និងព្រៃឈើរបស់ឥណ្ឌូណេស៊ី និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ (MoU) ដើម្បីគាំទ្រដល់កម្មវិធីព្រៃឈើ និងការប្រើប្រាស់ដីឆ្នាំ២០៣០ (FOLU Net Sink 2030) របស់ប្រទេសប្រជុំកោះមួយនេះ។
ការប្តេជ្ញាចិត្តចំពោះភាពជាដៃគូអាកាសធាតុថ្មីនេះធ្វើឡើងតាមគោលការណ៍នៃ «ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក-ឥណ្ឌូណេស៊ី» របស់សេតវិមានដែលបានចេញផ្សាយកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ដែលត្រូវបានប្រកាសផងដែរនៅក្នុងកិច្ចប្រជុំទ្វេភាគីរវាងប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ និងសមភាគីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅកោះបាលី។
ក្រសួងបរិស្ថាននៃប្រទេសឥណ្ឌូណេស៊ី និងទីភ្នាក់ងារ USAID នឹងស្នើឡើងនូវសកម្មភាពលម្អិតដែលស្របតាមតម្រូវការផ្នែកច្បាប់ និងហិរញ្ញវត្ថុរបស់ប្រទេសទាំងពីរ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌភាពជាដៃគូអាកាសធាតុថ្មី។ ភាពជាដៃគូថ្មីនេះក៏រួមបញ្ចូលផងដែរនូវការគាំទ្រសម្រាប់ការអភិរក្សសត្វអូរ៉ង់អ៊ូតង់នៅកោះស៊ូម៉ាត្រា និងកោះកាលីម៉ាន់តាន់ ព្រមទាំងប្រភេទសត្វផ្សេងៗទៀត ដូចជាដំរី ខ្លា និងរមាសជាដើម។
វាក៏មានគោលបំណងគាំទ្រដល់កត្តាអាទិភាពរបស់ក្រសួងបរិស្ថាន ដែលរួមទាំងតាមរយៈមូលនិធិបរិស្ថានឥណ្ឌូណេស៊ី (BPDLH) និងតាមរយៈការពង្រឹងកិច្ចសហការពីភាគីពាក់ព័ន្ធ ដើម្បីនបង្កើត និងរក្សាការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព និងសមធម៌។ នៅពេលមុននេះ ក្រសួងនោះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនជាមួយប្រទេសផ្សេងៗទៀត រួមមានទាំងប្រទេសន័រវេស និងចក្រភពអង់គ្លេស ក្នុងគោលបំណងស្វែងរកការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់កម្មវិធី FOLU Net Sink 2030 របស់ប្រទេសឥណ្ឌូណេស៊ី៕
ប្រភព៖ ក្រសួងព័ត៌មាន