ពាណិជ្ជកម្មរបស់ប្រទេសម៉ាឡេស៊ី បានកើនឡើងដល់ទៅ… នៅខែវិច្ឆិកានេះ

0

បរទេស៖ ពាណិជ្ជកម្មរបស់ប្រទេសម៉ាឡេស៊ីបានកើនឡើង ១៥,៦% ពីមួយឆ្នាំទៅមួយឆ្នាំកាលពីក្នុងខែវិច្ឆិកា ដល់មានតម្លៃដល់ទៅ ២៣៨,១៧ប៊ីលានរីងហ្គីត (ប្រមាណ ៥៣,៦ប៊ីលានដុល្លារអាម៉េរិក) ដែលជាការកត់សម្គាល់ក្នុងរយៈពេល ២២ខែជាប់គ្នានៃកំណើនពីរខ្ទង់។ នេះបើយោងតាមសាជីវកម្មអភិវឌ្ឍពាណិជ្ជកម្មខាងក្រៅរបស់ប្រទេសម៉ាឡេស៊ី (MATRADE)។

MATRADE បាននិយាយថា ការនាំចូល និងអតិរេកពាណិជ្ជកម្មបានកើនឡើង ១៥,៦% ដែលមានតម្លៃដល់ទៅ ១០៧,៩៣ប៊ីលានរីងហ្គីត និង ២២,៣ប៊ីលានរីងហ្គីតរៀងៗគ្នា។

កំណើននៃការនាំចេញត្រូវបានជំរុញដោយការនាំចេញដ៏រឹងមាំនៃផលិតផលអគ្គិសនី និងអេឡិចត្រូនិច (E&E) ឧស្ម័នធម្មជាតិរាវ (LNG) ផលិតផលប្រេង និងប្រេងឆៅ។

នៅក្នុងខែវិច្ឆិកា ការនាំចេញទំនិញផលិតកម្មមានចំនួន ៨៤,៦% នៃការនាំចេញសរុបដែលបានកើនឡើង ១៥% ពីមួយឆ្នាំទៅមួយឆ្នាំដល់តម្លៃ ១១០,២៣ប៊ីលានរីងហ្គីត ដែលជាការកត់សម្គាល់ក្នុងរយៈពេល ១៦ខែជាប់ៗគ្នានៃកំណើនពីរខ្ទង់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Bernama បានរាយការណ៍។

ការនាំចេញទំនិញជារ៉ែមានចំណែក ៨% ដោយកើនឡើងបាន ៦២,៦% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលមានតម្លៃដល់ទៅ ១០,៤៣ប៊ីលានរីងហ្គីត ក្នុងរយៈពេល ២០ខែជាប់ៗគ្នានៃកំណើនពីរខ្ទង់ដោយការនាំចេញខ្ពស់ជាងមុននៃឧស្ម័នធម្មជាតិរាវ LNG និងប្រេងឆៅ។ ទោះជាយ៉ាងណាក៏ដោយ ការនាំចេញទំនិញកសិកម្មមានចំណែក ៦,៨% ដោយបានធ្លាក់ចុះ ១១,១% ដែលមានតម្លៃត្រឹមតែ ៨,៨៧ប៊ីលានរីងហ្គីត បើធៀបទៅនឹងខែវិច្ឆិកា ឆ្នាំ២០២១ ដោយសារតែការនាំចេញប្រេងដូង និងផលិតផលកសិកម្មផ្អែកទៅលើប្រេងដូងមានកម្រិតទាបជាងមុន។

MATRADE បាននិយាយថា ក្នុងចំណោមការនាំចេញសំខាន់ៗ ផលិតផល E&E មានតម្លៃ ៥៣,១៦ប៊ីលានរីងហ្គីត និងស្មើនឹង ៤០,៨% នៃការនាំចេញសរុប ដោយបានកើនឡើង ៣២,១% បើធៀបទៅនឹងខែវិច្ឆិកាឆ្នាំមុន។ ទន្ទឹមនឹងនេះដែរ ការនាំចេញទៅកាន់ដៃគូពាណិជ្ជកម្មសំខាន់ៗ ជាពិសេសអាស៊ាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប (EU) និងជប៉ុនក៏បានកត់ត្រានូវកំណើនពីរខ្ទង់ផងដែរ។

បើធៀបទៅនឹងខែតុលា ឆ្នាំ២០២២ អតិរេកពាណិជ្ជកម្មបានកើនឡើង ២៣,៥% ខណៈដែលពាណិជ្ជកម្មមានការធ្លាក់ចុះ ២,៨% ការនាំចេញធ្លាក់ចុះ ១% និងការនាំចូលធ្លាក់ចុះ ៤,៩%។

ចាប់ពីខែមករាដល់ខែវិច្ឆិកា ឆ្នាំ២០២២ ពាណិជ្ជកម្មបានកើនឡើង ២៩,៩% ដែលឈានដល់តម្លៃ ២,៦១៣ទ្រីលានរីងហ្គីត បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញបានកើនឡើង ២៧,២% ដែលឈានដល់តម្លៃ ១,៤២ទ្រីលានរីងហ្គីត។ ការនាំចូលបានកើនឡើង ៣៣,៣% ដែលឈានដល់តម្លៃ ១,១៩៣ទ្រីលានរីងហ្គីត ហើយអតិរេកពាណិជ្ជកម្មបានកើនឡើង ២,៦% ដែលឈានដល់តម្លៃ ២២៧,៨៩ប៊ីលានរីងហ្គីត៕

ប្រភព៖ ក្រសួងព័ត៌មាន