មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) មួយកន្លែងទៀតត្រូវបានដាក់អោយដំណើរការ

0

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) សាខាផ្សារដីហុយ កាលពីថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ថ្មី ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ត្រូវបានបង្កើតឡើង ដើម្បីពង្រីកការផ្តល់សេវាសាធារណៈ ឱ្យកាន់តែទូលំទូលាយ និងកាន់តែខិតជិតបងប្អូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ហើយមណ្ឌលឆៀកនេះ ស្ថិតក្រោមប្រតិបត្តិការរបស់ក្រុមហ៊ុន So Brothers Co., Ltd. ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន៥ ដែលទទួលបានអាជ្ញាប័ណ្ណ អនុញ្ញាតឱ្យធ្វើអាជីវកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ពីក្រសួងសាធារណការ និងដឹកជញ្ជូន។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមទៀតថា ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឱ្យបានទៀងទាត់ទៅតាមការកំណត់ គឺពិតជាមានសារៈសំខាន់ជាខ្លាំង ។ ព្រោះវាធានាបាននូវការផ្តល់សុវត្ថិភាព ដល់យានយន្តពេលធ្វើចរាចរនៅលើដងផ្លូវ ពិសេសចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរ ដែលបង្កឡើងដោយកត្តាយានយន្ត ព្រមទាំងរួមចំណែកថែរក្សាបរិស្ថាន (ការបញ្ចេញឧស្ម័នពីយានយន្តដែលមិនស្របតាមកម្រិតកំណត់ គឺបង្កឱ្យមានសារធាតុបំពុលទៅក្នុងបរិយាកាស និងប៉ះពាល់ដល់ស្រទាប់អូហ្សូន)។

ទន្ទឹមនឹងនេះឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ យកយានយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានទៀងទាត់ ចៀសវាងទទួលរងនូវការផាកពិន័យដោយសារហួសសុពលភាព និងដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរ ព្រមទាំងរួមចំណែកថែរក្សាបរិស្ថាន ដូចបានរៀបរាប់ពីខាងដើម។

សូមបញ្ជាក់ថា មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) សាខាផ្សារដីហុយ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩៨៦ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយជាទីតាំងដំបូងរបស់ក្រុមហ៊ុន So Brothers Co., Ltd. សាងសង់លើផ្ទៃដីទំហំ ៣ ៩៦០ម៉ែត្រក្រឡា បំពាក់ដោយ២ខ្សែត្រួតពិនិត្យ ក្នុងនោះខ្សែទី១ សម្រាប់ត្រួតពិនិត្យយានយន្តដែលមានទម្ងន់អ័ក្ស រហូតដល់៣តោន និងខ្សែទី២ សម្រាប់ត្រួតពិនិត្យយានយន្តដែលមានទម្ងន់អ័ក្ស រហូតដល់ ១០តោន។

ដើម្បីបញ្ចៀសនូវការរង់ចាំ និងកកស្ទះនៅមណ្ឌលឆៀក បងប្អូនប្រជាពលរដ្ឋក៏អាចដាក់ពាក្យតាមប្រព័ន្ធអនឡាញ (Online) ដើម្បីណាត់ពេលវេលាក្នុងការយកយានយន្តមកត្រួតពិនិត្យ តាមរយៈប្រព័ន្ធស្វ័យ ប្រវត្តិកម្ម តាមរយៈដំណរភ្ជាប់ https://techinspection.mpwt.gov.kh

ប្រភព៖ ក្រសួងព័ត៌មាន