បរទេស៖ នាយកដ្ឋានពន្លត់អគ្គីភ័យម៉ាឡេស៊ី បានឲ្យដឹងថា មនុស្ស ១២នាក់បានស្លាប់ និង ជាង២២នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីការរអិលបាក់ដី បានវាយប្រហារទីតាំងបោះជំរុំមួយ នៅជិតតំបន់ Genting Highlands ក្នុងរដ្ឋ Selangor នាថ្ងៃសុក្រនេះ ហើយកិច្ចខិតខំប្រឹងប្រែងស្វែងរកមនុស្សកំពុងបន្តធ្វើឡើង។
ការបាក់ដីនៅរដ្ឋ Selangor នៅជាយរដ្ឋធានី Kuala Lumpur បានកើតឡើងប្រហែលម៉ោង 3 ទៀបភ្លឺ (ម៉ោងក្នុងប្រទេសម៉ាឡេសុី) ដោយបានបាក់រលំភ្នំចូលទៅក្នុងកសិដ្ឋានសរីរាង្គមួយដែលមានកន្លែងបោះជំរុំ។
យោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យ និងជួយសង្គ្រោះបានឱ្យដឹងថា មនុស្ស ៥៩ នាក់ត្រូវបានគេរកឃើញដោយសុវត្ថិភាព ដោយ ២២ នាក់នៅតែបាត់ខ្លួន។
មេប៉ូលីសស្រុក បាននិយាយថា អ្នកស្លាប់ទាំងអស់សុទ្ធតែជាជនជាតិម៉ាឡេស៊ី ហើយរួមទាំងក្មេងអាយុប្រហែល 5 ឆ្នាំផងដែរ។
ការរអិលបាក់ដីបានធ្លាក់ចុះពីកម្ពស់ប៉ាន់ស្មាន 30 ម៉ែត្រ ពីលើកន្លែងបោះជំរុំ ហើយគ្របដណ្តប់លើផ្ទៃដីប្រហែលមួយហិចតា។ នេះបើយោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យ និងជួយសង្គ្រោះម៉ាឡេសុី។
វីដេអូពីទូរទស្សន៍ក្នុងស្រុក បានបង្ហាញពីការបាក់ដីឆ្លងកាត់តំបន់ព្រៃក្បែរផ្លូវមួយ ខណៈរូបភាពផ្សេងទៀតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញអ្នកជួយសង្គ្រោះកំពុងឡើងលើភក់ក្រាស់ ដើមឈើធំៗ និងកំទេចកំទីផ្សេងៗទៀត៕
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា