បរទេស៖ កាលពីថ្ងៃអង្គារ ទីភ្នាក់ងារអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិ បាននិយាយថា សាកសពជនចំណាកស្រុកចំនួន ២៧នាក់ ត្រូវបានរកឃើញនៅវាលខ្សាច់ក្នុងប្រទេស Chad និងជឿថាបានស្លាប់ ដោយសារស្រេកទឹក។
អង្គការអន្តរជាតិសម្រាប់ជនអន្តោប្រវេសន៍(IOM) បាននិយាយថា កាលពី១៧ខែមុន ជនចំណាកស្រុក ត្រូវបានរាយការណ៍ថា បានចាកចេញពីទីប្រជុំជនMoussoro ដែលជាទីប្រជុំជនដែលស្ថិតនៅត្រង់ផ្លូវ បំបែកមួយនៅកណ្តាលប្រទេស Chad តាមរថយន្តភីកអាប់។
IOMបាននិយាយទៀតថា “មានការជឿជាក់ថា រថយន្តនោះបានវង្វេងនៅវាលខ្សាច់ដ៏ធំល្វឹងល្វើយ និងបានខូចដោយបញ្ហាម៉ាស៊ីន ហើយជនចំណាកស្រុកបានស្លាប់ដោយការស្រេកទឹកជាបន្តបន្ទាប់”។ ក្នុងចំណោមសាកសពទាំង២៧នោះ មានកុមារចំនួន ០៤នាក់។
ប្រទេស Chad ជាប្រទេសគ្មានព្រំដែនទឹក ស្ថិតនៅតំបន់អាហ្វ្រិកកណ្តាលដោយមានព្រំប្រទល់ ភាគខាងជើងជាប់ ប្រទេសលីប៊ី ហើយមានជនចំណាកស្រុកជនជាតិអាហ្វ្រិកបានឆ្លងកាត់ដែលព្យាយាម ធ្វើដំណើរទៅកាន់សមុទ្រមេឌីទែរ៉ាណេ។ ផ្នែកដ៏ធំមួយនៃប្រទេសនេះគឺ តំបន់វាលខ្សាច់ Sahara ដែលមានប្រជាជន រស់នៅតិច ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ