បន្ទាយមានជ័យ៖ ដោយមានការណែនាំ និង ការដាក់បទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលការពារព្រំដែនកម្ពុជា-ថៃ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងសភាពការណ៍សន្តិសុខ និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។
នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក៨១៥ បានចាត់តាំង លោកវត្រី ឡុក ធី នាយប៉ុស្តិ៍សង្កែដឹកនាំកម្លាំង សហការជាមួយកម្លាំងយោធាវរៈ៥១១ (កងពល៥១) បានធ្វើការទប់ស្កាត់ប្រជាពលរដ្ឋចំនួន០៥នាក់ (ស្រី០១នាក់ កុមារ០២នាក់) បម្រុងលួចដែនឆ្លងខុសច្បាប់ទៅប្រទេសថៃ នៅចំណុចមាត់អូរព្រំដែន (គោលដៅចំការក្រូចឆ្មារ) ក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ។
នៅចំពោះមុខសមត្ថកិច្ចសួរនាំ ពលរដ្ឋទាំងនោះបាននិយាយថា ពួកគាត់មានគោលបំណងទៅស៊ីឈ្នួលកាប់អំពៅនៅទឹកដីថៃ ពួកគាត់រស់នៅក្នុងខេត្តបន្ទាយមានជ័យ ។ ក្រោយសួរនាំ និងធ្វើកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ