មិនមានការដកទ័ពរុស្ស៊ី ចេញពីអ៊ុយក្រែននោះទេ

0

បរទេស៖ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ប៉េសកូវ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអង្គារថា មិនអាចមានការពិភាក្សាណាមួយអំពីការដកកងទ័ពរុស្ស៊ីចេញពីអ៊ុយក្រែននៅមុនដំណាច់ឆ្នាំនេះទេ។

លោកបានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបានសន្តិភាព ចាំបាច់ណាស់ត្រូវគិតគូរអំពីការពិតថ្មី ដូចជាការធ្វើឧបគមន៍តំបន់ថ្មីទៅកាន់ប្រទេសរុស្ស៊ី។

លោក ប៉េសកូវ បាននិយាយថា «ភាគីអ៊ុយក្រែននឹងត្រូវគិតគូរអំពីការពិតដែលបានកើតឡើងកាលពីពេលថ្មីៗនេះ។ ការពិតទាំងនោះ គឺជាផលិតផលនៃគោលនយោបាយដែលថ្នាក់ដឹកនាំអ៊ុយក្រែន និងរបបអ៊ុយក្រែនបច្ចុប្បន្នបានអនុវត្តក្នុងរយៈពេល ១៥ឆ្នាំ ឬ ២០ឆ្នាំកន្លងមក»។

លោក​បាន​ចង្អុល​បង្ហាញ​ថា «ការពិតទាំងនោះបានបង្ហាញថា រុស្ស៊ីមានទឹកដីនៃសមាសភាពថ្មី។ ពួកគេបានបង្ហាញខ្លួនជាលទ្ធផលនៃការបោះឆ្នោតប្រជាមតិដែលបានធ្វើឡើងនៅលើទឹកដីទាំងនោះ។ ​ដោយ​មិន​យក​ការពិត​ថ្មី​ទាំង​នោះ​មក​ពិចារណា នោះ​ការ​រីក​ចម្រើនឆ្ពោះទៅ​រក​ដំណោះស្រាយ​មួយ​នឹង​មិន​អាច​ទៅ​រួច​ឡើយ​»​។ វិមានក្រឹមឡាំងជឿជាក់ថា សំណើរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី សម្រាប់ជំហានឆ្ពោះទៅរកសន្តិភាព គឺជាការនាំទៅរកអរិភាពបន្ថែមទៀត។

លោក ប៉េសកូវ បាននិយាយដូច្នេះបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់លោក ហ្សេលេនស្គី ដែលបានលើកឡើងពីការផ្គត់ផ្គង់សព្វាវុធបន្ថែមទៀតដល់ទីក្រុងគៀវ ថាជាជំហានមួយក្នុងចំណោមជំហានដែលនឹងនាំអ៊ុយក្រែនខិតទៅជិតសន្តិភាព៕

ប្រភព៖ ក្រសួងព័ត៌មាន