បរទេស៖ ប្រទេសចិន និងឥណ្ឌាបានដកកងទ័ពរបស់ខ្លួនចេញពីតំបន់ព្រំដែនដែលមានការប៉ះទង្គិចគ្នាដែលបានកើតឡើងកាលពីពេលថ្មីៗនេះ។ នេះបើយោងតាមអ្នកនាំពាក្យបញ្ជាការដ្ឋានភាគខាងលិច លោក ឡុង សៅហួ បាននិយាយកាលពីថ្ងៃអង្គារ។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើបណ្តាញសង្គម WeChat ថា «រហូតមកដល់ពេលនេះ ប្រទេសចិន និងឥណ្ឌាបានដកទ័ពរបស់ពួកគេចេញហើយ»។
យោងតាមសេចក្តីថ្លែងការណ៍នោះបានឱ្យដឹងថា ជម្លោះព្រំដែននាពេលថ្មីៗនេះបានផ្ទុះឡើងនៅពេលដែលកងទ័ពចិនកំពុងបំពេញបេសកកម្មល្បាតជាប្រចាំ។
លោក ឡុង សៅហួ បាននិយាយថា នៅពេលប្រឈមមុខនឹងសកម្មភាពខុសច្បាប់របស់កងទ័ពឥណ្ឌាដែលរារាំងការល្បាតរបស់ពួកគេ កងទ័ពចិនបានបង្ហាញនូវវិជ្ជាជីវៈរបស់ខ្លួន និងបន្តគ្រប់គ្រងស្ថានការណ៍។ យើងទាមទារឱ្យភាគីឥណ្ឌាគ្រប់គ្រងឱ្យបានយ៉ាងតឹងរ៉ឹងនូវកងទ័ពរបស់ខ្លួនដែលដាក់ពង្រាយនៅជួរមុខដើម្បីរក្សាសន្តិភាព និងសន្តិសុខនៅតាមព្រំដែនរួមគ្នាជាមួយប្រទេសចិន។
កាលពីថ្ងៃច័ន្ទ ទីភ្នាក់ងារសារព័ត៌មាន ANI បានដកស្រង់ពីប្រភពរបស់ខ្លួនដែលបានរាយការណ៍អំពីការប៉ះទង្គិចគ្នារវាងកងកម្លាំងនៅតាមព្រំដែនឥណ្ឌា និងចិន នៅក្នុងតំបន់តាវ៉ាង កាលពីថ្ងៃទី៩ ខែធ្នូ។ កងទ័ពមួយចំនួនរបស់ភាគីទាំងពីរបានទទួលរងរបួស។ នៅក្នុងខែឧសភា ឆ្នាំ២០២០ ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅក្នុងតំបន់ភ្នំឡាដាក នៅតាមព្រំដែនរវាងប្រទេសទាំងពីរដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសទាំងសងខាង
។ ឥណ្ឌា និងចិនបានយកកាំភ្លើងធំ រថក្រោះ និងយន្តហោះធុនធ្ងន់ទៅកាន់តំបន់នោះ។ បន្ទាប់ពីកិច្ចចរចាជាច្រើនជុំនៅក្នុងឆ្នាំ២០២១ ទីក្រុងប៉េកាំង និងទីក្រុងញូវដេលីបានចាប់ផ្តើមដកកងកម្លាំងរបស់ពួកគេចេញពីតំបន់ព្រំដែន៕
ប្រភព៖ ក្រសួងព័ត៌មាន