បរទេស៖ រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី លោក ហ្គុយដូ ក្រូសេតូ បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសអ៊ីតាលីនឹងបញ្ឈប់ជំនួយយោធារបស់ខ្លួនដល់អ៊ុយក្រែនភ្លាមៗ នៅពេលដែលកិច្ចចរចាសន្តិភាពចាប់ផ្តើម។
ទីភ្នាក់ងារព័ត៌មាន ANSA បានដកស្រង់សម្តីរបស់លោកដែលបាននិយាយថា «មិនយូរមិនឆាប់ ជំនួយយោធាត្រូវតែបញ្ចប់។ ហើយវានឹងបញ្ចប់នៅពេលដែលកិច្ចចរចាសន្តិភាពចាប់ផ្តើម។ មិនមានភាគីមួយណាមិនចង់បានកិច្ចចរចានោះទេ។ យើងត្រូវការឥស្សរជនដែលមានសិទ្ធិអំណាចក្នុងការធ្វើកិច្ចចរចា។ ហើយខ្ញុំសង្ឃឹមថា សហភាពអឺរ៉ុបនឹងអាចដើរតួនាទីនៃទំនាក់ទំនងរវាងគ្នានឹងគ្នា»។
កាលពីខែមីនា សភារបស់ប្រទេសអ៊ីតាលីបានអនុម័តសេចក្តីសម្រេចមួយស្តីពីជំនួយ រួមទាំងជំនួយយោធាដល់អ៊ុយក្រែន។ រដ្ឋាភិបាលបានដាក់បញ្ជូនបញ្ជីសព្វាវុធដែលត្រូវផ្គត់ផ្គង់ដល់អ៊ុយក្រែន។
កាលពីថ្ងៃទី១ ខែធ្នូ រដ្ឋាភិបាលបានពង្រីកជំនួយយោធាដល់អ៊ុយក្រែនពេញមួយឆ្នាំ២០២៣។ ការងារទៅលើកញ្ចប់ថ្មីមួយមិនទាន់បានចាប់ផ្តើមនៅឡើយទេ ប៉ុន្តែយោងតាមលោក ក្រូសេតូ បានឱ្យដឹងថា បញ្ជីសព្វាវុធនេះនឹងនៅតែបន្តជាការសម្ងាត់៕
ប្រភព៖ ក្រសួងព័ត៌មាន