រុស្ស៊ី និងតួកគី ពិភាក្សាគ្នាជុំវិញរឿងបង្កើនទំហំពាណិជ្ជកម្ម និងគម្រោងថាមពល

0

បរទេស៖ សេវាសារព័ត៌មានរបស់វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និងប្រធានាធិបតីតួកគី លោក តាយយីប អេដូហ្គែន បានពិភាក្សាគ្នាអំពីការបង្កើនទំហំពាណិជ្ជកម្ម និងគម្រោងថាមពលរបស់ប្រទេសទាំងពីរ កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ និងដំណោះស្រាយនៅក្នុងប្រទេសស៊ីរី។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា «បញ្ហានានានៃការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យផ្សេងៗត្រូវបានពិភាក្សាយ៉ាងលម្អិត។ ជាពិសេស ការបង្កើនកំណត់ត្រានៃទំហំពាណិជ្ជកម្មក៏ត្រូវបានកត់សម្គាល់ដែរ។ អត្ថន័យពិសេសនៃគម្រោងថាមពលរួមគ្នា គឺជាគម្រោងចម្បងនៅក្នុងវិស័យឧស្ម័នដែលត្រូវបានសង្កត់ធ្ងន់នៅក្នុងកិច្ចពិភាក្សា។

ដោយពិចារណាទៅលើលទ្ធផលនៃកិច្ចពិភាក្សាកាលពីពេលថ្មីៗនេះរបស់ប្រធានក្រុមហ៊ុនហ្គាហ្សប្រ៉ូម លោក អាឡិចសី មីលលើរ នៅទីក្រុងអ៊ីស្តង់ប៊ុលនោះ ប្រធានាធិបតីទាំងពីរបានបន្តការផ្លាស់ប្តូរទស្សនៈគ្នាស្តីពីគំនិតផ្តួចផ្តើមនៃការបង្កើតមជ្ឈមណ្ឌលឧស្ម័នក្នុងតំបន់នៅលើទឹកដីតួកគី។

មេដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាផងដែរអំពីវិធីនៃការអនុវត្តកិច្ចព្រមព្រៀងទីក្រុងអ៊ីស្តង់ប៊ុល ចុះថ្ងៃទី២២ ខែកក្កដា ស្តីពីការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិអ៊ុយក្រែនពីកំពង់ផែសមុទ្រខ្មៅ និងការនាំចេញផលិតផលកសិកម្ម និងជីរបស់រុស្ស៊ី។ សេវាសារព័ត៌មាននោះបានកត់សម្គាល់ថា «កិច្ចព្រមព្រៀងនេះ គឺមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលទាមទារឱ្យមានការដកចេញនូវឧបសគ្គមួយចំនួនសម្រាប់ការផ្គត់ផ្គង់រៀងៗខ្លួនពីប្រទេសរុស្ស៊ី ដើម្បីបំពេញតម្រូវការរបស់ប្រទេសដែលត្រូវការបំផុត។ ទន្ទឹមនឹងនោះដែរ លោក វ្ល៉ាឌីមៀរ ពូទីន បានលើកឡើងនូវការប៉ាន់ស្មានសំខាន់ៗនៃស្ថានភាពជុំវិញអ៊ុយក្រែន»។

វិមានក្រឹមឡាំងបានកត់សម្គាល់ថា លោក ពូទីន និងលោក អេដូហ្គែន ក៏បានលើកឡើងអំពីបញ្ហានៃការដោះស្រាយបញ្ហានៅក្នុងប្រទេសស៊ីរីក្នុងបរិបទនៃការអនុលោមតាមបទប្បញ្ញត្តិនៃអនុស្សរណៈនៃការយោគយល់គ្នារវាងរុស្ស៊ី និងតួកគីដែលបានចុះហត្ថលេខានៅក្នុងឆ្នាំ២០១៩ ដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន