កូវីដ១៩ ប្រភេទនេះ គឺមានរហូតដល់ទៅ ៧៥.៨%នៃករណីឆ្លងថ្មីនៅថៃ

0

បរទេស៖ យោងតាមទិន្នន័យថ្មីដែលចេញផ្សាយដោយនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ (DMS) របស់ប្រទេសថៃបានឱ្យដឹងថា អនុវ៉ារ៉្យង់អូមីក្រុង BA.2.75 មានចំនួន ៧៥,៩% នៃករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ដែលបានកត់ត្រានៅក្នុងប្រទេសថៃចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកាដល់ថ្ងៃទី២ ខែធ្នូ ដោយកើនឡើងពីចំនួន ៥៨,៩% កាលពីក្នុងសប្តាហ៍មួយមុន។

អគ្គនាយក DMS លោកវេជ្ជបណ្ឌិត ស៊ូប៉ាគីត ស៊ីរីឡាក់ បាននិយាយថា អនុវ៉ារ៉្យង់ BA.2.75 ត្រូវបានរកឃើញចំនួន ៧៥,៤% ក្នុងចំណោមករណីឆ្លងថ្មីក្នុងស្រុកទាំងអស់ ដោយកើនឡើងពីចំនួន៦០,១% កាលពីសប្តាហ៍មួយមុន នៅពេលដែលវាបានវ៉ាដាច់នៃករណីឆ្លងអនុវ៉ារ៉្យង់ BA.5 ។

លើសពីនេះទៀត ការរីករាលដាលនៃប្រភេទវ៉ារ៉្យង់ XBB នៅក្នុងប្រទេសសិង្ហបុរី ត្រូវបានគេរកឃើញនៅក្នុងសំណាកចំនួន៣០ ខណៈដែលអនុវ៉ារ៉្យង់ BQ.1 ដែលកំពុងបង្កផលប៉ះពាល់ខ្លាំងនៅសហរដ្ឋអាមេរិក និងអឺរ៉ុប មានចំនួន ១៣ករណីដែលត្រូវបានធ្វើតេស្ត។ នាយកដ្ឋាន DMS បានរកឃើញករណីតែមួយនៃវ៉ារ៉្យង់ XBC ឬ ឌែលតាក្រុង ដែលជាវ៉ារ៉្យង់កូនកាត់នៃវ៉ារ៉្យង់ឌែលតា និងអូមីក្រុង ដែលបានរកឃើញកាលពីពេលថ្មីៗនេះនៅក្នុងប្រទេសហ្វីលីពីន។

លោក ស៊ូប៉ាគីត បានព្រមានថា អ្នកដែលបានជាសះស្បើយពីជំងឺកូវីដ១៩ ពីមុន អាចត្រូវបានឆ្លងមេរោគនេះឡើងវិញដោយអនុវ៉ារ៉្យង់ BA.2.75 ដែលទើបនឹងកើតមាននេះ។ លោកបាននិយាយបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយ មិនមានភស្តុតាងណាមួយដែលបង្ហាញថាវាអាចបណ្តាលឱ្យមានរោគសញ្ញាធ្ងន់ធ្ងរជាងប្រភេទដទៃទៀតនោះទេ។

លោកបាននិយាយបន្តថា វ៉ាក់សាំងនាពេលបច្ចុប្បន្ននេះនៅតែមានប្រសិទ្ធភាព និងអាចកាត់បន្ថយឱកាសនៃការឆ្លងជំងឺកូវីដ១៩ និងបង្ការពីការកើតមានរោគសញ្ញាធ្ងន់ធ្ងរ៕

ប្រភព៖ ក្រសួងព័ត៌មាន