ថៃ អាចក្លាយជាប្រទេសទី២ ដែលនាំចេញអង្ករច្រើនជាងគេលើលោក

0

បរទេស៖ យោងតាមសមាគមអ្នកនាំចេញអង្ករថៃ (TREA) បានឱ្យដឹងថា ប្រទេសថៃកំពុងឈានទៅរកការឈ្នះប្រទេសវៀតណាមដែលជាអ្នកនាំចេញអង្ករធំជាងគេលំដាប់ទីពីររបស់ពិភពលោកនៅក្នុងឆ្នាំនេះ។

ក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ០២២ ប្រទេសឥណ្ឌាបានឈរនៅលើកំពូលតារាងនៃអ្នកនាំចេញអង្ករដែលមានចំនួន ១៧,០៦លានតោន ខណៈដែលប្រទេសថៃស្ថិតនៅលំដាប់ទីពីរដែលមានចំនួន ៦,០២លានតោន។

ប្រទេសវៀតណាមដែលជាប្រទេសនាំចេញអង្ករធំជាងគេលំដាប់ទីពីររបស់ពិភពលោកកាលពីឆ្នាំមុន ត្រូវបានរុញទៅកាន់លំដាប់ទីបីជាមួយនឹងការនាំចេញអង្ករចំនួន ៦,០១លានតោន ហើយលំដាប់បន្ទាប់គឺប្រទេសប៉ាគីស្ថាន និងសហរដ្ឋអាមេរិក។

បញ្ជីនៃអ្នកនាំចូលអង្ករច្រើនជាងគេរហូតមកដល់ពេលនេះ ត្រូវបាននាំមុខគេដោយប្រទេសអ៊ីរ៉ាក់ដែលមានចំនួន ១,៣លានតោន បន្ទាប់មកគឺអាហ្វ្រិកខាងត្បូង (០,៦៤លានតោន) សហរដ្ឋអាមេរិក (០,៥៤លានតោន) ប្រទេសចិន (០,៥៣លានតោន) និងបេនីន (០,៣លានតោន)។

សមាគម TREA បាននិយាយបន្ថែមថា នៅក្នុងខែតុលា ប្រទេសថៃបាននាំចេញអង្ករចំនួន ៧៩០ ០០០តោនដែលមានតម្លៃ ១៣,៩៧ប៊ីលានបាត (៤០២,៩លានដុល្លារអាម៉េរិក) ដោយកើនឡើងបាន ២៤,៧% និង ២០,៥% រៀងៗគ្នា បើធៀបទៅនឹងខែ។

សមាគមនេះបានព្យាករថា ការនាំចេញអង្ករក្នុងខែវច្ឆិកាចំនួន ៨០០ ០០០តោន ហើយនឹងកើនឡើងខ្ពស់នៅក្នុងខែធ្នូនេះ ដោយសារតម្រូវការក្នុងអំឡុងពេលបុណ្យណូអែល និងបុណ្យឆ្លងឆ្នាំថ្មី។ សមាគម TREA មានទំនុកចិត្តថា ការនាំចេញអង្ករសរុបរបស់ប្រទេសថៃនៅក្នុងឆ្នាំនេះនឹងឈានដល់គោលដៅដែលមានចំនួន ៧,៥តោន ដែលខ្ពស់ជាងការនាំចេញសរុបកាលពីឆ្នាំមុនដែលមានចំនួន ៦,១២លានតោន។

ទីផ្សារអង្ករធំបំផុតរបស់ប្រទេសថៃ គឺអ៊ីរ៉ាក់ អាហ្រ្វិកខាងត្បូង សហរដ្ឋអាមេរិក ចិន បេនីន ជប៉ុន សេណេហ្គាល់ និងអង់ហ្គោឡា៕

ប្រភព៖ ក្រសួងព័ត៌មាន