អាមេរិកនៅតែបន្តផ្តល់ជំនួយយោធាអោយអ៊ុយក្រែន ប៉ុន្តែមិនលើកទឹកចិត្តអោយវាយបករុស្ស៊ីវិញ

0

បរទេស៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកមិនបានលើកទឹកចិត្តដល់កងទ័ពរបស់ទីក្រុងគៀវឱ្យវាយលុកទៅលើទឹកដីរុស្ស៊ីទេ ប៉ុន្តែនឹងបន្តផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ដែលខ្លួនត្រូវការដើម្បីការពារខ្លួន។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់តូនី ប្ល៊ីនខេន បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអូស្ត្រាលីនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ។

យោងតាម​សម្ដី​របស់​លោកបានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន «មិន​បាន​លើក​ទឹក​ចិត្ត ឬ​អនុញ្ញាតឱ្យ​អ៊ុយក្រែន​ធ្វើការវាយប្រហារ​នៅ​ខាង​ក្នុងទឹកដីរបស់​រុស្ស៊ី​នោះ​ទេ»។

ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយបន្ថែមថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានប្តេជ្ញាចិត្តក្នុងការផ្តល់ឱ្យរដ្ឋាភិបាលទីក្រុងគៀវនូវ «ឧបករណ៍ដែលពួកគេត្រូវការដើម្បីការពារខ្លួន ការពារទឹកដី និងការពារសេរីភាពរបស់ពួកគេ»៕

ប្រភព៖ ក្រសួងព័ត៌មាន