កូរ៉េខាងជើងបន្តបាញ់គ្រាប់រ៉ូក្កែត ចូលតំបន់​ការពារ​ដែនសមុទ្រ​ ដើម្បីប្រឆាំងនឹងការធ្វើសមយុទ្ធរបស់​កូរ៉េខាងត្បូង និងសហរដ្ឋ​អាមេរិក

0

បរទេស៖ កូរ៉េខាងជើង​បាន​បាញ់គ្រាប់រ៉ុក្កែត​ចូលទៅក្នុង​តំបន់​ការពារ​ដែនសមុទ្រ​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​កាលពី​ថ្ងៃ​អង្គារ ដើម្បី​ឆ្លើយតបទៅ​នឹង​សមយុទ្ធ​បាញ់​គ្រាប់​ពិត​រវាង​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បាននិយាយថា កូរ៉េខាងជើងបានបាញ់គ្រាប់រ៉ុក្កែតប្រហែល ៩០គ្រាប់ ចាប់ពីម៉ោង ១០:០០ព្រឹករហូតដល់ពេលរសៀលពីតំបន់កូសុងនៅក្នុងខេត្តកាងវ៉ុន ឆ្ពោះទៅសមុទ្រខាងកើត។ ការ​បាញ់​ប្រហែល​ ១០​គ្រាប់​ទៀត​ត្រូវ​បាន​រក​ឃើញ​បន្ទាប់​ពី​ម៉ោង ​៦:០០​ល្ងាច ពីតំបន់គុមង៉ាងនៅក្នុងខេត្តដូចគ្នា។

JSC បាននិយាយបន្ថែមថា គ្រាប់ផ្លោងបានធ្លាក់ចូលទៅក្នុងតំបន់ការពារដែនសមុទ្រភាគខាងជើងនៃខ្សែបន្ទាត់ព្រំដែនភាគខាងជើងដែលជាព្រំដែនសមុទ្រជាក់ស្តែង ដែលជាការបំពានទៅលើកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េឆ្នាំ២០១៨ ដើម្បីកាត់បន្ថយភាពតានតឹងនៅតាមព្រំដែន។

កូរ៉េខាងជើង​បាន​បញ្ជាក់​ពី​ការ​បាញ់​នៅ​ថ្ងៃ​បន្ទាប់ ដោយបាន​និយាយ​ថា ខ្លួន​បាន​បាញ់​គ្រាប់រ៉ុក្កែតចំនួន ៨២គ្រាប់​ក្នុង​រយៈពេល ៨ម៉ោងកន្លះ ដើម្បី​ជា​ការ​ឆ្លើយ​តប​ចំពោះ​សមយុទ្ធ​យោធា​រវាង​កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក​នៅ​ជិត​ព្រំដែន។

JCS បាននិយាយថា «ការបាញ់គ្រាប់រ៉ុក្កែតជាបន្តបន្ទាប់ចូលទៅក្នុងតំបន់ការពារដែនសមុទ្រភាគខាងកើត គឺជាការបំពានយ៉ាងច្បាស់នៃកិច្ចព្រមព្រៀងយោធាថ្ងៃទី១៩ ខែកញ្ញា ហើយយើងសូមជំរុញឱ្យកូរ៉េខាងជើងបញ្ឈប់ជាបន្ទាន់»។ កាល​ពី​ថ្ងៃ​ចន្ទ កូរ៉េខាង​ជើង​បាន​បាញ់​គ្រាប់រ៉ុក្កែត​ប្រមាណ ១៣០គ្រាប់​ចូល​ទៅ​ក្នុង​តំបន់​ការពារ​ខាង​កើត និង​ខាង​លិច៕

ប្រភព៖ ក្រសួងព័ត៌មាន