កោះកុង៖ រដ្ឋបាលខេត្តកោះកុង កាលពីពេលថ្មីៗនេះ បានចេញសេចក្តីជូនដំណឹងស្តីពីការបិទនេសាទត្រីកាម៉ុងក្នុងដែនជម្រកសុវត្ថិភាពត្រីកាម៉ុង នៅពាមក្រសោប ស្ថិតក្នុងភូមិសាស្ត្រឃុំពាមក្រសោប ស្រុកមណ្ឌលសីមា និងឃុំកោះកាពិ ស្រុកកោះកុង ដែលចាប់អនុវត្តពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។
សេចក្តីជូនដំណឹងបានបញ្ជាក់បន្ថែមទៀតថា ការបិទការនេសាទត្រីកាម៉ុង នៅក្នុងដែនជម្រកសុវត្ថិភាពត្រីកាម៉ុង នៅពាមក្រសោបដែលមានផ្ទៃក្រឡា ១ ២៨៣ហិកតា គឺដើម្បីរួមចំណែកគ្រប់គ្រងផលស្តុកត្រីកាម៉ុងឱ្យមាននិរន្តរភាពស្របតាមគោលនយោបាយវិស័យជលផលជាតិ និងធានាបាននូវប្រព័ន្ធអេកូឡូស៊ីដែនជម្រកសុវត្ថិភាពត្រីកាម៉ុងឱ្យល្អប្រសើរ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន។
ក្នុងនោះផងដែរ សម្រាប់ប្រជានេសាទដែលល្មើស និងមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។
សូមរម្លឹកថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសបង្កើតតំបន់គ្រប់គ្រងដែនជម្រកសុវត្ថិភាពត្រីកាម៉ុង នៅពាមក្រសោប ខេត្តកោះកុង កាលពីឆ្នាំ២០១៩ ដើម្បីធានានូវនិរន្តរភាពផលស្តុកត្រីកាម៉ុងនេះ៕
ប្រភព៖ ក្រសួងព័ត៌មាន