អតិផរណារបស់ប្រទេសមួយនេះ កើនឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាន

0

បរទេស៖ អត្រាអតិផរណានៅក្នុងប្រទេសឡាវបានកើនឡើងដល់ចំនួន ៣៨,៤៦% នៅក្នុងខែវិច្ឆិកា ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ២៣ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមការិយាល័យស្ថិតិនៃក្រសួងផែនការ និងវិនិយោគរបស់ប្រទេសឡាវ។

អត្រាដ៏ខ្ពស់នេះបណ្តាលមកពីការកើនឡើងនៃតម្លៃទំនិញ ដោយក្នុងនោះរួមមានតម្លៃម្ហូបអាហារ និងភេសជ្ជៈគ្មានជាតិអាល់កុលដែលបានកើនឡើង ៤២,៦៨% គ្រឿងស្រវឹង និងថ្នាំជក់ ២២,៥៩% សម្លៀកបំពាក់ និងស្បែកជើង ២៥,៦៧% សេវាកម្មលំនៅដ្ឋាន ទឹកស្អាត អគ្គិសនី និងឧស្ម័នប្រើប្រាស់ប្រចាំថ្ងៃ ២៤,០៨% និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ៣០,៤១%។

តម្លៃនៃសេវាវេជ្ជសាស្រ្ត និងឱសថកើនឡើង ៤២,០៥% ការដឹកជញ្ជូន ៥៥,៤៣% ប្រៃសណីយ៍ និងទូរគមនាគមន៍ ១២,៤៤% សេវាកម្សាន្ត និងកន្លែងស្នាក់នៅ ១៨,៥១% សេវាអប់រំ ១៣,២៦% សណ្ឋាគារ និងភោជនីយដ្ឋាន ៣០,៩៧% ព្រមទាំងទំនិញ និងសេវាកម្មផ្សេងៗ ២៥,៥១%។

ការកើនឡើងអតិផរណានេះបានបង្ហាញថា វិធានការដែលរដ្ឋាភិបាលឡាវបានអនុវត្តនាពេលកន្លងមក គឺមិនមានប្រសិទ្ធភាពដូចការរំពឹងទុកនោះទេ។ សេដ្ឋកិច្ច​ប្រទេស​នេះ​បន្ត​ប្រឈមមុខ​នឹង​ការ​លំបាក​ដែល​ប៉ះពាល់​ដល់​ផលិតកម្ម និង​ជីវភាពរស់នៅរបស់​ប្រជាជន៕

ប្រភព៖ ក្រសួងព័ត៌មាន