ប្រទេសហ្វីលីពីន នៅរក្សាគោលដៅកំណើន GDP របស់ខ្លួននៅដដែល

0

បរទេស៖ គណៈកម្មាធិការសម្របសម្រួលថវិកាអភិវឌ្ឍអន្តរទីភ្នាក់ងារ (DBCC) នៃប្រទេសហ្វីលីពីន បានរក្សាគោលដៅកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះពីចំនួន ៦,៥-៧,៥% សម្រាប់ឆ្នាំ២០២២។ នៅពេលជាមួយគ្នានេះ គណៈកម្មាធិការនេះបានកាត់បន្ថយការព្យាករសម្រាប់ឆ្នាំ២០២៣ មកនៅត្រឹម ៦-៧% ពីចំនួន ៦,៥-៨% ដែលបានព្យាករកាលពីមុន។

យោងតាម DBCC បានឱ្យដឹងថា ការបើកសេដ្ឋកិច្ចឡើងវិញបានជំរុញតម្រូវការក្នុងស្រុក និងការធ្វើឱ្យប្រសើរឡើងនូវសេវាកម្ម និងវិស័យឧស្សាហកម្ម ដែលអនុញ្ញាតឱ្យហ្វីលីពីនកត់ត្រានូវអត្រាកំណើន GDP ចំនួន ៧,៧% សម្រាប់ត្រីមាសទី៣ នៃឆ្នាំនេះ ដែលលើសពីគោលដៅសម្រាប់ឆ្នាំ២០២២។

ទោះជាយ៉ាងណាក៏ដោយ គណៈកម្មាធិការនេះបានព្យាករថា សន្ទុះកំណើននឹងថយចុះបន្តិចនៅក្នុងឆ្នាំ២០២៣ ដូចជាការធ្លាក់ចុះនៃសេដ្ឋកិច្ចជឿនលឿនធំៗជាដើម។ វាបាននិយាយបន្ថែមថា កំណើននេះត្រូវបានគេរំពឹងថានឹងកើនឡើងនៅក្នុងឆ្នាំ២០២៤-២០២៨ ក្នុងអត្រា ៦,៥-៨% ដោយសាររដ្ឋាភិបាលរបស់ប្រទេសនេះជំរុញឱ្យមានអន្តរាគមន៍នានា ដូចជាការធ្វើទំនើបកម្មកសិកម្ម និងកសិ-ធុរកិច្ច ការធ្វើឱ្យវិស័យឧស្សាហកម្មមានភាពរស់រវើកឡើងវិញ និងការពង្រឹងសេវាកម្មឡើងវិញក្នុងចំណោមវិស័យផ្សេងៗទៀត។ ការសន្មត់អត្រាអតិផរណាជាមធ្យមសម្រាប់ឆ្នាំ២០២២ ត្រូវបានគេរំពឹងថានឹងកើនឡើងបន្តិចទៅដល់ ៥,៨% ពីការសន្មត់ពីមុនពីចំនួន ៤,៥% ទៅ ៥,៥% ដោយសារតម្លៃអាហារ និងថ្លៃដឹកជញ្ជូនខ្ពស់នៅតែបន្ត។

អតិផរណាត្រូវបានគេរំពឹងថានឹងមានកម្រិតមធ្យមក្នុងរយៈពេលមធ្យម ដោយឈានដល់ចំនួនពី ២,៥-៤,៥% នៅក្នុងឆ្នាំ២០២៣ មុនពេលត្រលប់ទៅរកកម្រិតគោលដៅពី ២-៤% ក្នុងរយៈពេលសម្រាប់ឆ្នាំ២០២៤-២០២៨។

រដ្ឋមន្រ្តីហិរញ្ញវត្ថុរបស់ប្រទេសហ្វីលីពីន លោក អាមេណាហ៍ ប៉ាន់ង៉ាមដាម៉ាន់ ដែលជាប្រធានក្រុមការងារនោះបាននិយាយថា រដ្ឋាភិបាលហ្វីលីពីនប្តេជ្ញាចាត់វិធានការនានាដើម្បីកាត់បន្ថយផលប៉ះពាល់នៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ និងផលប៉ះពាល់នៃភាពតានតឹងភូមិសាស្ត្រនយោបាយ ចំពេលដែលអតិផរណាកើនឡើងខ្លាំងនៅក្នុងឆ្នាំនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន