បរទេស៖ ប្រធានាធិបតីវៀតណាម លោក ង្វៀន សួនភុក បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីមានជំនួបនៃកិច្ចសន្ទនាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល នៅទីក្រុងសេអ៊ូលកាលពីថ្ងៃទី៥ ខែធ្នូ ថា ប្រទេសវៀតណាម និងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នាក្នុងការបង្កើនទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
លោកប្រធានាធិបតី ភុក បានសម្តែងនូវជំនឿថា ជាមួយនឹងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះនឹងនាំមកនូវកិច្ចសហប្រតិបត្តិការទ្វេភាគីឡើងដល់កម្រិតថ្មីមួយនៃការអភិវឌ្ឍសម្រាប់ជាប្រយោជន៍ដល់ប្រជាជនរបស់ពួកគេ រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងប្រទេស ក្នុងតំបន់ និងក្នុងពិភពលោក។
លោកបាននិយាយថា ភាគីទាំងពីរនឹងបន្តរក្សាការផ្លាស់ប្តូរជាទៀងទាត់នៃគណៈប្រតិភូគ្រប់ជាន់ថ្នាក់ជាមួយនឹងទម្រង់ចម្រុះ និងអាចបត់បែនបាន ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ស្ថានភាពក្នុងតំបន់ និងក្នុងពិភពលោក។
ពួកគេបានអះអាងសារជាថ្មីនូវគោលដៅនៃការលើកកម្ពស់ទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់តម្លៃ ១០០ប៊ីលានដុល្លារអាម៉េរិកនៅត្រឹមឆ្នាំ២០២៣ និង ១៥០ប៊ីលានដុល្លារអាម៉េរិកនៅត្រឹមឆ្នាំ២០៣០ ក្នុងលក្ខណៈដែលមានតុល្យភាពជាងមុន។ វៀតណាមស្វាគមន៍ចំពោះវិនិយោគិនកូរ៉េខាងត្បូងដែលបានវិនិយោគទឹកប្រាក់ចំនួន ៨០ប៊ីលានដុល្លារអាម៉េរិកចូលទៅក្នុងវៀតណាមរហូតមកដល់ពេលនេះ ដើម្បីពង្រីកប្រតិបត្តិការ និងផ្ទេរបច្ចេកវិទ្យាក្នុងវិស័យអេឡិចត្រូនិក ហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់អគារឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ និងបៃតង ព្រមទាំងការអភិវឌ្ឍទីក្រុងឆ្លាតវៃនៅក្នុងប្រទេសនេះ។
មេដឹកនាំវៀតណាមរូបនេះក៏បានថ្លែងអំណរគុណចំពោះកូរ៉េខាងត្បូង ដែលបានផ្តល់ជំនួយ និងកម្ចីអនុគ្រោះសម្រាប់វៀតណាមនៅក្នុងវិស័យដែលបានជួបការលំបាកកន្លងមក។
ភាគីទាំងពីរក៏បានសន្យាជំរុញកិច្ចសហការការងារ និងជួយដល់ពលករវៀតណាមនៅកូរ៉េខាងត្បូង និងពលករកូរ៉េខាងត្បូងនៅវៀតណាមឱ្យធ្វើការងារប្រកបដោយសុវត្ថិភាព និងអនុគ្រោះស្របតាមបទប្បញ្ញត្តិនានា។ លោកបាននិយាយថា ប្រទេសវៀតណាមប្តេជ្ញាពង្រីកការផ្លាស់ប្តូរវប្បធម៌ អប់រំ និងទេសចរណ៍ ដើម្បីបង្កើនការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រជាជនគ្រប់មជ្ឈដ្ឋាន ក៏ដូចជាផ្តល់ការគាំទ្រដល់ប្រជាជននៃភាគីនីមួយៗ។
បច្ចុប្បន្ននេះ ប្រជាជនវៀតណាមប្រហែល ២៥០ ០០០នាក់កំពុងរស់នៅក្នុងកូរ៉េខាងត្បូង និងប្រជាជនកូរ៉េខាងត្បូងចំនួនប្រហែល ២០០ ០០០នាក់កំពុងរស់នៅក្នុងប្រទេសវៀតណាម។ ភាគីកូរ៉េខាងត្បូងបានប្តេជ្ញាចិត្តគាំទ្រចំពោះការបង្កើតមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅកូរ៉េខាងត្បូង និងជួយវៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌របស់ខ្លួន៕
ប្រភព៖ ក្រសួងព័ត៌មាន