ក្រុមមួយនេះ ចេញមុខមកទទួលខុសត្រូវ លើការវាយប្រហារស្ថានទូតប៉ាគីស្ថានក្នុងរដ្ឋធានី Kabul

0

បរទេស៖ កាលពីថ្ងៃអាទិត្យ តាមរយៈសេចក្តីថ្លែងការណ៍ដែលផ្សព្វផ្សាយតាមបណ្តាញ ទំនាក់ទំនង Telegram ដែលគ្រប់គ្រងដោយក្រុមរដ្ឋអ៊ីស្លាមបានឲ្យដឹងថា ក្រុមខ្លួនបានអះអាង ទទួលខុសត្រូវចំពោះការវាយប្រហារទៅលើស្ថានទូតប៉ាគីស្ថានក្នុងរដ្ឋធានី Kabul ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃសុក្រ។

កាលពីថ្ងៃសុក្រ ស្ថានទូតបានរងការវាយប្រហារ ហើយបុគ្គលិកសន្តិសុខប៉ាគីស្ថានម្នាក់បានរងរបួស ដោយគ្រាប់កាំភ្លើង ជាអ្វីដែលរដ្ឋធានី Islamabad បានហៅថា ជាការប៉ុនប៉ងធ្វើឃាតប្រធានប្រតិភូ ប៉ុន្តែប្រធានរូបនោះមិនបានរងគ្រោះថ្នាក់អ្វីឡើយ។

ក្រុមរដ្ឋអ៊ីស្លាមបានអះអាងថា ការវាយប្រហារនេះត្រូវបានធ្វើឡើងដោយសមាជិករបស់ខ្លួនចំនួន ០២នាក់ ដែលប្រដាប់ដោយ “អាវុធធុនមធ្យម និងកាំភ្លើងsniper ” និងបានកំណត់គោលដៅទៅលើឯកអគ្គរដ្ឋទូត និងអងរក្សរបស់លោក ដែលកំពុងមានវត្តមាននៅក្នុងទីធ្លាស្ថានទូត។

អាជ្ញាធរក្រុម​តាលីបង់​បាន​និយាយ​ថា ខ្លួនកំពុង​ស៊ើបអង្កេតចំពោះ​ការ​វាយ​ប្រហារនោះ និងបន្ថែមថា ​បរិវេណ​ស្ថានទូត​ត្រូវ​បាន​កំណត់​គោលដៅ​ដោយ​ការ​បាញ់​កាំភ្លើងចេញ​ពី​អគារ​ក្បែរ​នោះ។ នគរបាលបាន និយាយថា ពួកគេបានចាប់ខ្លួនជនសង្ស័យម្នាក់ និងដកហូតបានកាំភ្លើងចំនួន ០២ដើម ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ