បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Nour បានរាយការណ៍ថា កាលពីថ្ងៃសៅរ៍ ប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរថ្មីមួយនៅក្នុងខេត្ត ឃូហ្សេស្តង់ នៅភាគនិរតីរបស់ខ្លួន។
លោក ម៉ូហាំម៉ាដ អេស្លាមី ប្រធានអង្គការថាមពលអាតូមិកនៃប្រទេសអ៊ីរ៉ង់ និងមន្ត្រីក្នុងតំបន់មួយចំនួនបានធ្វើជាសាក្សីក្នុងការចាប់ផ្តើមការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរការូន (Karoon) ដែលមានកម្លាំង ៣០០មេហ្គាវ៉ាត់ ដែលនឹងដំឡើងម៉ាស៊ីនរ៉េអាក់ទ័រទឹកពន្លឺសម្ពាធដែលប្រើប្រាស់សារធាតុអ៊ុយរ៉ាញ៉ូមអុកស៊ីត ៤ភាគរយដែលចម្រាញ់ជាប្រេងឥន្ធនៈ។
លោក អេស្លាមី បាននិយាយថា ប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរក្នុង «ល្បឿនលឿន» ដោយលោកបាននិយាយបន្ថែមថា រោងចក្រការូននឹងជួយដល់អ៊ីរ៉ង់ឱ្យឈានដល់គោលដៅនៃការបង្កើនចំណែកថាមពលនុយក្លេអ៊ែរឱ្យបានដល់ប្រមាណ ២០ភាគរយនៃកញ្ចប់អគ្គិសនីទាំងមូល។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Nour បានឱ្យដឹងថា ប្រទេសអ៊ីរ៉ង់គ្រោងនឹងចំណាយថវិកាពី ១,៥ប៊ីលាន ទៅ ២ប៊ីលានដុល្លារអាម៉េរិក និងរយៈពេលប្រាំបីឆ្នាំ ដើម្បីសាងសង់រោងចក្រការូន។
រោងចក្រថាមពលនុយក្លេអ៊ែរប៊ូសឺរ ដែលមានកម្លាំង ១ ០០០មេហ្គាវ៉ាត់ ដែលជារោងចក្រថាមពលនុយក្លេអ៊ែរស៊ីវិលដំបូងគេនៅក្នុងប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមផ្គត់ផ្គង់អគ្គិសនីកាលពីក្នុងខែកញ្ញា ឆ្នាំ២០១១ ជាមួយនឹងកិច្ចសហប្រតិបត្តិការរបស់រុស្ស៊ី៕
ប្រភព៖ ក្រសួងព័ត៌មាន