បរទេស៖ ការរកឃើញករណីដំបូងរបស់ប្រទេសថៃនៃប្រភេទមេរោគបម្លែងកូនកាត់ អ៊ិចប៊ីស៊ី «ឌែលតាក្រុង» (XBC “Deltacron”) នៃជំងឺកូវីដ១៩ បានជំរុញឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។
អាជ្ញាធរសុខាភិបាលនិយាយថា មេរោគបម្លែងកូនកាត់នេះមិនបានបង្ហាញសញ្ញានៃរោគសញ្ញាធ្ងន់ធ្ងរជាងមុនទេ ប៉ុន្តែហាក់ដូចជាងាយឆ្លងជាងមុន។
ក្រសួងសុខាភិបាល បានបន្តតាមដានមេរោគបម្លែងថ្មីច្រើនប្រភេទនៃជំងឺកូវីដ១៩ ហើយកំពុងបញ្ជាក់ឡើងវិញពីតម្រូវការសម្រាប់ប្រជាជនដើម្បីទទួលបានការចាក់វ៉ាក់សាំងបង្ការ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក អានុទីន ចាន់វីរ៉ាគុល បានសង្កត់ធ្ងន់ទៅលើបញ្ហានេះនៅក្នុងជំនួបជាមួយក្រុមប្រតិបត្តិនៃក្រសួងសុខភាពសាធារណៈ។
លោកបានអះអាងថា បច្ចុប្បន្ននេះ ក្រសួងកំពុងប្រើយន្តការមួយដើម្បីគ្រប់គ្រងជំងឺកូវីដ១៩ ដូច្នេះជំងឺនេះនឹងស្ថិតនៅក្នុងប្រភេទជំងឺឆ្លងដែលស្ថិតក្រោមការឃ្លាំមើល។ ស្លាក និងយន្តការដូចគ្នានេះនឹងត្រូវបានប្រើប្រាស់សម្រាប់ជំងឺកូវីដ១៩ ប្រសិនបើភាពធ្ងន់ធ្ងរនៃជំងឺនេះមិនមានការផ្លាស់ប្តូរ។
លោក អានុទីន បានពន្យល់ថា វានៅមិនទាន់រកឃើញនូវការប្រែប្រួលណាមួយដែលអាចបណ្តាលឱ្យជំងឺនេះកាន់តែធ្ងន់ធ្ងរនៅឡើយទេ។
ទន្ទឹមនឹងនោះដែរ ក្រសួងសុខាភិបាលនឹងបន្តផ្តោតសំខាន់ទៅលើការជំរុញឱ្យប្រជាពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងបង្ការឱ្យគ្រប់ ៤ដងដូស ដែលវានឹងជួយកាត់បន្ថយភាពធ្ងន់ធ្ងរនៃរោគសញ្ញានៅពេលឆ្លងជំងឺកូវីដ១៩៕
ប្រភព៖ ក្រសួងព័ត៌មាន