បរទេស៖ កាលពីថ្ងៃអាទិត្យ ប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ពីករណីជំងឺគ្រុនផ្តាសាយបក្សីបន្ថែមចំនួន ២ករណីទៀតដែលធ្វើឱ្យករណីសរុបឡើងដល់ ៣២ករណីហើយដែលត្រូវបានរាយការណ៍នៅឯកសិដ្ឋានចិញ្ចឹមបសុបក្សីក្នុងស្រុកចាប់តាំងពីរដូវស្លឹកឈើជ្រុះនេះមក។
យោងតាមក្រសួងកសិកម្មរបស់កូរ៉េខាងត្បូង បានឱ្យដឹងថា ករណីជំងឺគ្រុនផ្តាសាយបក្សី ដែលបង្កជំងឺខ្លាំងប្រភេទ H5N1 ត្រូវបានរកឃើញនៅកសិដ្ឋានចិញ្ចឹមទា និងមាន់នៅទីក្រុង Muan និងទីក្រុង Hampyeong ដែលស្ថិតនៅចម្ងាយ ៣៨៥គីឡូម៉ែត្រ និង ៣៨៣គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុងសេអ៊ូល។
វិធានការដាក់ឱ្យនៅដាច់ពីគេ ត្រូវបានអនុវត្តនៅក្នុងកសិដ្ឋានមួយចំនួន ដែលកំពុងចិញ្ចឹមសត្វទាចំនួន ៨ ០០០ក្បាល និងសត្វមាន់ចំនួន ៤០០ ០០០ក្បាល។ វិធានការនោះមានរួមបញ្ចូលនូវការរឹតបន្តឹងចំពោះការចូលទៅក្នុងកសិដ្ឋានទាំងនោះ និងកន្លែងដែលមានហានិភ័យផ្សេងទៀត ការសម្លាប់សត្វបសុបក្សី និងការស៊ើបអង្កេតរោគរាតត្បាត៕
ប្រភព៖ ក្រសួងព័ត៌មាន