កាហ្សាក់ស្ថាន និងរុស្ស៊ី ពិភាក្សាគ្នាអំពីការបង្កើត “សហជីពឧស្ម័នត្រីភាគី” ជាមួយនឹងប្រទេសអ៊ូសបេគីស្ថាន

0

បរទេស៖ លេខាធិការសារព័ត៌មានរបស់មេដឹកនាំកាហ្សាក់ស្ថានលោក រូសលែន ហ្ស៊ែលឌីបេយ បាននិយាយកាលពីថ្ងៃអង្គារថា នៅក្នុងកិច្ចប្រជុំមួយនៅវិមានក្រឹមឡាំងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ប្រធានាធិបតីកាហ្សាក់ស្ថាន លោក កាសស៊ីម-ចូម៉ាត តូកាយ៉េវ និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានពិភាក្សាគ្នាអំពីការបង្កើត «សហជីពឧស្ម័នត្រីភាគី» ជាមួយប្រទេសអ៊ូសបេគីស្ថាន។

លោកបានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុក (គេហទំព័របណ្តាញសង្គមដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសរុស្ស៊ីចាប់តាំងពីវាត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Meta ជាក្រុមហ៊ុនសាជីវកម្មមួយដែលត្រូវបានចាត់ទុកដោយអាជ្ញាធររុស្ស៊ីថាមានភាពជ្រុលនិយម) ថា «មានសំណួរមួយចំនួនពីប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹងដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋទៅកាន់ទីក្រុងមូស្គូ។ វាចាំបាច់ដែលមានការកត់សម្គាល់ថា កិច្ចពិភាក្សារវាងប្រធានាធិបតីកាហ្សាក់ស្ថាន និងរុស្ស៊ីនៅវិមានក្រឹមឡាំងបានផ្តោតសំខាន់ទៅលើការបង្កើត «សហជីពឧស្ម័នត្រីភាគី» រវាងរុស្ស៊ី កាហ្សាក់ស្ថាន និងអ៊ូសបេគីស្ថាន ក្នុងគោលបំណងសម្របសម្រួលសកម្មភាពរបស់ពួកគេដើម្បីដឹកជញ្ជូនឧស្ម័នរុស្ស៊ីឆ្លងកាត់ទឹកដីនៃប្រទេសកាហ្សាក់ស្ថាន និងអ៊ូសបេគីស្ថាន»។

លេខាធិការសារព័ត៌មានរូបនោះបានកត់សម្គាល់ថា លោក តូកាយ៉េវ និងលោក ពូទីន បានចាត់ទុកថា វាជាការចាំបាច់ដើម្បីធ្វើការពិភាក្សាលម្អិតដោយមានការចូលរួមពីក្រុមអ្នកជំនាញមកពីប្រទេសទាំងបី ដើម្បីស្វែងរកដំណោះស្រាយសមហេតុផលចំពោះបញ្ហាទាក់ទងនឹងផលប្រយោជន៍របស់ភាគីពាក់ព័ន្ធទាំងអស់»។

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា លោក តូកាយ៉េវ បាននិយាយក្នុងជំនួបមួយជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក មីឃែល មីស៊ូស្ទីន ថា លោក ពូទីន បានស្នើឱ្យបង្កើតសហជីពត្រីភាគី ដោយលោកបាននិយាយបន្ថែមថា មេដឹកនាំរុស្ស៊ីរូបនោះគ្រោងនឹងធ្វើការសន្ទនាតាមទូរស័ព្ទអំពីបញ្ហានេះជាមួយប្រធានាធិបតីអ៊ូបេគីស្ថាន៕

ប្រភព៖ ក្រសួងព័ត៌មាន