បរទេស៖ នាពេលបច្ចុប្បន្ននេះ សហរដ្ឋអាមេរិកមិនមានគម្រោងបញ្ជូនប្រព័ន្ធការពារមីស៊ីល Patriot ទៅកាន់ប្រទេសអ៊ុយក្រែនទេ។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ ភែត រ៉ាយដឺរ បានប្រាប់ក្រុមអ្នកសារព័ត៌មាន។
លោកបាននិយាយក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំមួយកាលពីថ្ងៃអង្គារថា «ឥឡូវនេះយើងមិនមានគម្រោងផ្តល់ប្រព័ន្ធការពារមីស៊ីល Patriot ដល់អ៊ុយក្រែនទេ ប៉ុន្តែជាថ្មីម្តងទៀត យើងនឹងបន្តការពិភាក្សាទាំងនោះ»។
លោកបាននិយាយថា «កិច្ចការនេះនឹងមានកិច្ចពិភាក្សាជាបន្តបន្ទាប់។ នៅពេលដែលយើងមានព័ត៌មានអ្វីបន្ថែមទៀតដែលត្រូវប្រកាសនៅពេលខាងមុខនោះ យើងប្រាកដជានឹងប្រកាស»។
នៅព្រឹកថ្ងៃដដែលនោះ អគ្គលេខាធិការអង្គការណាតូ លោក ជែនស៍ ស្តូលធែនបឺក បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីថ្ងៃដំបូងនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់អង្គការណាតូថា អង្គការណាតូកំពុងពិភាក្សាអំពីការផ្គត់ផ្គង់ដែលអាចធ្វើទៅបាននូវប្រព័ន្ធការពារដែនអាកាស Patriot ដល់អ៊ុយក្រែន។
ប្រព័ន្ធការពារដែនអាកាស Patriot ផលិតដោយសហរដ្ឋអាមេរិក ដែលមានគ្រាប់រ៉ុក្កែតស្ទាក់ចាប់តាមផ្លូវអាកាស និងប្រព័ន្ធរ៉ាដា សំដៅស្ទាក់ចាប់ក្បាលគ្រាប់មីស៊ីលផ្លោង និងមីស៊ីលបាញ់ពីនាវា៕
ប្រភព៖ ក្រសួងព័ត៌មាន