បរទេស៖ ការតវ៉ាប្រឆាំងនឹងការរឹតបន្តឹង “សូន្យ-COVID” របស់ប្រទេសចិនបានរីករាលដាលពាសពេញទីក្រុងជាច្រើន ដោយមានហ្វូងមនុស្សប្រមូលផ្តុំគ្នានៅទីក្រុងប៉េកាំង ចេងទូ និងសៀងហៃកាលពីថ្ងៃអាទិត្យ។
កំហឹងបានរីកធំឡើងនៅទូទាំងប្រទេសចិន ចាប់តាំងពីមានអគ្គីភ័យឆាបឆេះអាផាតមិនមួយកន្លែងនៅទីក្រុង Urumqi ខេត្ត Xinjiang បាននាំឱ្យមានសំណួរជុំវិញវិធានការប្រឆាំងមេរោគដ៏តឹងរ៉ឹងបែបនេះ។ ក្រុមអ្នកតវ៉ាវ័យក្មេងភាគច្រើនគឺជានិស្សិតបានប្រមូលផ្តុំគ្នាកាន់ផ្លាកសញ្ញានៅពេលយប់នៅទីក្រុង Chengdu ដោយស្រែកច្រៀងជាភាសាអង់គ្លេស និងចិនកុកងឺ ថា”ធ្វើឱ្យប្រទេសចិនអស្ចារ្យម្តងទៀត!” និង “យើងចង់បោះឆ្នោត!”។
ហ្វូងមនុស្សបានចាប់ផ្តើមប្រមូលផ្ដុំកាលពីល្ងាចថ្ងៃសៅរ៍ ដើម្បីប្រារព្ធពិគោរពវិញ្ញាណក្ខន្ធជនរងគ្រោះដោយអគ្គីភ័យ។ នៅក្នុងទីក្រុងសៀងហៃ មានវត្តមានប៉ូលិសយ៉ាងច្រើនកុះករ ខណៈដែលក្រុមបាតុករបានប្រមូលផ្តុំគ្នា ដោយមានការថតវីដេអូជាច្រើនជាមួយនឹងស្មាតហ្វូនរបស់ពួកគេ។ លើសពីនេះ ក្រុមបាតុករបានកាន់ ក្រដាសសន្លឹកពណ៌សទទេពីលើក្បាលរបស់ពួកគេ ដែលជាសញ្ញា ដើម្បីបង្ហាញពីកំហឹងនិងការប្រឆាំងរបស់ពួកគេចំពោះការរឹតត្បិតនៃជំងឺកូវីដ១៩
វិធានការតឹងរ៉ឹងរបស់ប្រទេសចិនត្រូវបានទទួលជោគជ័យនាពេលដំបូងសម្រាប់ការកាត់បន្ថយការស្លាប់ បើធៀបទៅនឹងសហរដ្ឋអាមេរិក មានអ្នកស្លាប់រាប់លាននាក់ដោយសារជំងឺកូវីដ១៩ ខណៈដែលប្រទេសផ្សេងទៀតបានទទួលរងនូវរលកនៃការឆ្លងដ៏សាហាវ ប៉ុន្តែវិធានការតឹងរ៉ឹងរបស់ប្រទេសចិន បានចាប់ផ្តើមរអាក់រអួលក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
សូមបញ្ជាក់ថា នេះបាតុកម្មដែលមិនធ្លាប់មានពីមុនមក ក្នុងប្រទេសចិន ចាប់តាំងពីកងទ័ពបានវាយកម្ទេចចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យដឹកនាំដោយនិស្សិតឆ្នាំ 1989 នៅទីលានធានអានមេនរបស់ទីក្រុងប៉េកាំង។
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា