សិង្ហបុរី អាចនឹងជួបប្រទះនូវបញ្ហាប្រឈមដ៏លំបាកមួយនេះ នៅឆ្នាំ២០២៣

0

បរទេស៖ យោងតាមរបាយការណ៍ចុងក្រោយរបស់អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានឱ្យដឹងថា ប្រទេសសិង្ហបុរីទំនងជានឹងជួបប្រទះនូវបញ្ហាប្រឈមដ៏លំបាកមួយនៅក្នុងឆ្នាំ២០២៣ ជាមួយនឹងអត្រាអតិផរណាខ្ពស់ និងកំណើនសេដ្ឋកិច្ចយឺត។

MAS បានរំលឹកឡើងវិញនូវការព្យាកររបស់ខ្លួនសម្រាប់ឆ្នាំ២០២៣ សម្រាប់អត្រាអតិផរណាស្នូល ដែលមិនរាប់បញ្ចូលនូវថ្លៃស្នាក់នៅ និងថ្លៃដឹកជញ្ជូនឯកជនពីចំនួនជាមធ្យម ៣,៥% ដល់ ៤,៥% ហើយអតិផរណាដើមពីចំនួនមធ្យម ៥,៥% ដល់ ៦,៥%។ មូលហេតុចម្បង គឺការកើនឡើងនៃតម្លៃទំនិញ និងសេវាកម្មនាំចូលជាច្រើន។

យោងតាម MAS បានឱ្យដឹងថា សេដ្ឋកិច្ចសិង្ហបុរីនឹងកើនឡើងក្នុងល្បឿនយឺត ស្របពេលជាមួយនឹងការធ្លាក់ចុះនៃតម្រូវការពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ អតិផរណាស្នូលនឹងបន្តកើនឡើងក្នុងរយៈពេលពីរបីត្រីមាសខាងមុខ ដោយសារតែអតិផរណានាំចូលនៅតែមានសារៈសំខាន់ ហើយទីផ្សារការងារតឹងតែងដែលគាំទ្រដល់ការដំឡើងប្រាក់ឈ្នួល។

អតិផរណាត្រូវបានព្យាករថានឹងមានភាពធូរស្រាលនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៣ បើទោះបីជាមានភាពមិនច្បាស់លាស់គួរឱ្យកត់សម្គាល់ជុំវិញទស្សនវិស័យសម្រាប់ទាំងអតិផរណា និងកំណើនក៏ដោយ។

ស្ថិតិបានបង្ហាញថា អតិផរណាស្នូលនៅក្នុងប្រទេសសិង្ហបុរីកាលពីក្នុងខែកញ្ញាបានកើនឡើងដល់ ៥,៣% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៤ឆ្នាំកន្លងមក ដែលភាគច្រើនដោយសារតែការកើនឡើងនៃតម្លៃម្ហូបអាហារ សេវាកម្ម និងការលក់រាយ និងទំនិញផ្សេងៗទៀត។ តួលេខនេះ គឺខ្ពស់ជាងចំនួន ៥,១% កាលពីក្នុងខែសីហា។ ទន្ទឹមនឹងនេះដែរ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ ឬអតិផរណាសរុបសម្រាប់ខែកញ្ញា គឺមានចំនួន ៧,៥% ដូចគ្នាទៅនឹងកម្រិតកាលពីក្នុងខែសីហា៕

ប្រភព៖ ក្រសួងព័ត៌មាន