មិនបន្ថយ មានតែបន្ថែម!! កូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន ៦គ្រាប់បន្ថែមទៀត

0

បរទេស៖ យោធាកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន ៦គ្រាប់បន្ថែមទៀតឆ្ពោះទៅកាន់សមុទ្ទខាងកើត និងសមុទ្ទលឿងកាលពីថ្ងៃពុធ ដែលជាការបង្កហេតុចុងក្រោយរបស់ខ្លួនបន្ទាប់ពីការបាញ់មីស៊ីលជាបន្តបន្ទាប់កាលពីព្រឹកម្សិលមិញ។

យោធានោះបាននិយាយថា កូរ៉េខាងជើង បានបាញ់មីស៊ីល ចុងក្រោយ បំផុត ដែលរួមមានទាំងមីស៊ីល ដែលគេសង្ស័យថាបានបាញ់ពីលើអាកាសចាប់ពី ម៉ោង ៤:៣០នាទី រសៀល រហូតដល់ម៉ោង ៥:១០ល្ងាចឆ្ពោះទៅសមុទ្ទ ខាងកើតពីតំបន់សុនដក និងតំបន់ស៊ីនប៉ូ និងឆ្ពោះទៅសមុទ្ទលឿងពីតំបន់ឃ្វែល និងតំបន់អុនចុន។

ការវាយលុកចុងក្រោយបំផុតកើតឡើងនៅប៉ុន្មានម៉ោងបន្ទាប់ពីរបបដ៏រឹងរូសមួយនេះបានបាញ់មីស៊ីលផ្លោងយ៉ាងហោចណាស់ ១៧គ្រាប់ និងមីស៊ីលផ្សេងទៀតចេញពីឆ្នេរសមុទ្ទភាគខាងកើត និងឆ្នេរសមុទ្ទភាគខាងលិចរបស់ខ្លួន។

នៅវេលាម៉ោងប្រហែល ៦:៥១ព្រឹក កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី (SRBMs) ចំនួន ៤គ្រាប់ ចូលទៅក្នុងសមុទ្ទលឿងពីតំបន់នានាក្នុងខេត្តព្យុងហ្កានខាងជើង។ នេះបើយោងតាមអគ្គសេនាធិការចម្រុះ (JCS)។

យោធាកូរ៉េខាងត្បូងក៏បានរកឃើញផងដែរនូវការបាញ់មីស៊ីលផ្លោងចំនួន ៣គ្រាប់បន្ថែមរបស់កូរ៉េខាងជើងពីទីតាំងមួយនៅជុំវិញទីក្រុងឆ្នេរសមុទ្ទភាគខាងកើតនៃទីក្រុងវ៉ុងសាន នៅវេលាម៉ោងប្រហែល ៨:៥១ព្រឹក។

មីស៊ីលមួយគ្រាប់ក្នុងចំណោមនោះបានធ្លាក់នៅជិតដែនទឹករបស់កូរ៉េខាងត្បូង ដែលបង្កើនភាពតានតឹងនៅជុំវិញព្រំដែនអន្តរកូរ៉េ។ វាជាលើកដំបូងហើយ ចាប់តាំងពីការ បែកគ្នារបស់កូរ៉េទាំងពីរ ដែលកូរ៉េខាងជើង បានបាញ់មីស៊ីល ឆ្លងទ្វីបទៅភាគខាងត្បូងឆ្លងកាត់តំបន់ NLL។

JCS បាននិយាយបន្ថែមថា ចាប់ពីម៉ោង ៩:១២ព្រឹក ទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលជាង ១០គ្រាប់ រួមទាំងមីស៊ីលដែលត្រូវបានសន្មតថាជាមីស៊ីលផ្លោង SRBMs និងមីស៊ីលបាញ់ចេញពីដីទៅអាកាស ដែលត្រូវបានបាញ់ពីកន្លែងផ្សេងៗគ្នាឆ្ពោះទៅក្នុងសមុទ្រខាងកើត និងសមុទ្រលឿង៕

ប្រភព៖ ក្រសួងព័ត៌មាន