បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្សាវ លីជាន បាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិនកំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តន៍នៃស្ថានការណ៍នៅឧបទ្វីបកូរ៉េ បន្ទាប់ពីព័ត៌មានដែលកូរ៉េខាងជើងបានបាញ់មីស៊ីល ហើយសង្ឃឹមថាគ្រប់ភាគីនៃជម្លោះក្នុងតំបន់នឹងជៀសវាងនូវការកើនឡើងភាពតានតឹង។
នៅព្រឹកថ្ងៃដដែលនោះ កូរ៉េខាងជើងបានបាញ់មីស៊ីលយ៉ាងហោចណាស់ ១៧គ្រាប់ឆ្ពោះទៅសមុទ្រជប៉ុន និងសមុទ្រលឿង ហើយបានបាញ់កាំភ្លើងធំចំនួន ១០០គ្រាប់ទៀត។ យោងតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បានឱ្យដឹងថា មីស៊ីលមួយគ្រាប់បានធ្លាក់នៅជិតដែនទឹករបស់កូរ៉េខាងត្បូង។
លោក ហ្សាវ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំមួយថា «ប្រទេសចិនកំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តន៍នៃស្ថានការណ៍នៅឧបទ្វីបកូរ៉េ ហើយយើងសង្ឃឹមថាភាគីពាក់ព័ន្ធទាំងអស់អាចរក្សាគោលដៅស្វែងរកដំណោះស្រាយនយោបាយ និងជៀសវាងការកើនឡើងភាពតានតឹង»។
អ្នកការទូតរូបនវបាននិយាយបន្ថែមថា ការរក្សាសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ គឺឆ្លើយតបទៅនឹងផលប្រយោជន៍រួមរបស់បណ្តាប្រទេសក្នុងតំបន់។
ការបាញ់គ្រាប់មីស៊ីលកាលពីថ្ងៃពុធ គឺជាការបាញ់មីស៊ីលលើកទី២៩ របស់ប្រទេសកូរ៉េខាងជើងនៅក្នុងឆ្នាំនេះ។
កូរ៉េខាងជើងបានទទូចថា ការបាញ់សាកល្បងមីស៊ីលរបស់ខ្លួនកំពុងត្រូវបានអនុវត្តជាការឆ្លើយតបទៅនឹង «ការបង្កហេតុ» របស់កូរ៉េខាងត្បូង ដែលកាលពីពេលថ្មីៗនេះបានធ្វើសមយុទ្ធយោធាយ៉ាងសកម្មទាំងរួមគ្នាជាមួយសហរដ្ឋអាមេរិក និងជប៉ុន៕
ប្រភព៖ ក្រសួងព័ត៌មាន