បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក លី ជុងស៊ុប បាននិយាយកាលពីថ្ងៃពុធថា ការផ្តោតសំខាន់នៃកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើងគួរតែត្រូវបានផ្លាស់ប្តូរ ដើម្បីរារាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងទប់ស្កាត់ការអភិវឌ្ឍរបស់ពួកគេ។
លោក លី បាននិយាយនៅក្នុងកិច្ចប្រជុំមួយរបស់គណៈកម្មាធិការគណបក្សអំណាចប្រជាជន (PPP) ស្តីពីការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើងថា «យើងបានផ្តោតការយកចិត្តទុកដាក់របស់យើងទៅលើការព្យាយាមរារាំងកូរ៉េខាងជើងពីការសាកល្បងអាវុធនុយក្លេអ៊ែរបន្ថែមទៀត និងការជំរុញសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែវាដល់ពេលដែលត្រូវផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់យើងហើយ»។
លោកបាននិយាយថា «កត្តាអាទិភាពគួរតែស្ថិតនៅលើការរារាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដោយផ្តល់ឱ្យពួកគេនូវការយល់ដឹងច្បាស់លាស់ថា ប្រសិនបើកូរ៉េខាងជើងព្យាយាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ វានឹងនាំមកនូវការបញ្ចប់របបកូរ៉េខាងជើង ហើយវានឹងរលាយបាត់ទាំងស្រុង»។
លោក លី បានអំពាវនាវឱ្យមានវិធានការដើម្បីធានាបន្ថែមទៀតនូវការអនុវត្តការប្តេជ្ញាចិត្ត «ពង្រីកការរារាំង» របស់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិយោធាពេញលេញរបស់ខ្លួន រួមទាំងសមត្ថភាពនុយក្លេអ៊ែរដើម្បីការពារសម្ព័ន្ធមិត្តដូចជាកូរ៉េខាងត្បូងជាដើម។
លោកបាននិយាយថា «យើងត្រូវបង្កើតវិធានការមួយដែលធានាយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តនៃការរារាំងបន្ថែមទៀតរបស់សហរដ្ឋអាមេរិក។ ក្នុងន័យនេះ យើងកំពុងពិភាក្សាអំពីបញ្ហាផ្សេងៗជាមួយសហរដ្ឋអាមេរិក ហើយយើងគ្រោងនឹងពង្រីកវិសាលភាពនៃការចូលរួមរបស់យើងក្នុងការចែករំលែកព័ត៌មានសម្ងាត់ ការធ្វើផែនការ និងសមយុទ្ធ»៕
ប្រភព៖ ក្រសួងព័ត៌មាន