ដំណឹងល្អ!! ប្រជាជននៅកោះរ៉ុង ជិតបានភ្លើងរដ្ឋប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះហើយ

0

ព្រះសីហនុ៖ កាលពីព្រឹកថ្ងៃពុធទី២៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសី ហនុ អញ្ជើញចុះពិនិត្យសកម្មភាពដាំបង្គោលភ្លើងនៅលើកោះរ៉ុង ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោ ក លោកស្រីជាអភិបាលក្រុងកោះរ៉ុង ប្រធានមន្ទីរ ប្រធានអគ្គិសនីខេត្តព្រះសី ហនុ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ។

លោកប្រធានអគ្គិសនីខេត្តព្រះសីហនុ បានឪ្យដឹងថា មន្ត្រីអគ្គិសនីកំពុងធ្វើការដាំបង្កោលភ្លើងនៅអមសងខាងផ្លូវនៅតំបន់កោះចំនួនជាង ៣០០ដើម ហើយបង្គោលភ្លើងទាំងនេះយើងកំពុងតែមមាញឹកក្នុងការដាំ ដើម្បីអូសខ្សែភ្លើងជូនប្រជាពលរដ្ឋប្រើប្រាស់នៅចុងឆ្នាំ២០២២ ឬ ដើមឆ្នាំ ២០២៣ខាងមុខ.

   ក្នុងការចុះពិនិត្យការដាំបង្គោលភ្លើងនៅតាមបណ្តោយផ្លូវក្នុងក្រុងកោះរ៉ុងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំជម្រុញឪ្យអគ្គិសនីកម្ពុជាខេត្តព្រះសីហនុ ពន្លឿនការដាំបង្គោលភ្លើង និងអូសខ្សែភ្លើងភ្ជាប់ពីភូមិមួយទៅភូមិមួយ ព្រោះភ្លើងនេះ គឺជាខ្សែភ្លើងបណ្តាញរបស់ថ្នាក់ជាតិ អូសក្រោមបាតសមុទ្រមកពីដារ៉ាសាគរ ខេត្តកោះកុង មកកាន់តំបន់កោះនៃក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលជាបណ្តាញរបស់ជាតិ ដូច្នេះប្រជាពលរដ្ឋនៅតំបន់កោះនឹងមានភ្លើងរដ្ឋប្រើប្រាស់នាពេលឆាប់ៗនៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២៣ខាងមុខ.

   ទន្ទឹមនោះ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំដល់អាជ្ញាធរក្រុងកោះរ៉ុង ជួយសម្របសម្រួលធ្វើយ៉ាងណាឪ្យការដាំបង្គោលភ្លើងនេះប្រព្រឹត្តទៅដោយរលូន និងបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលមានដី ឬលំនៅឋាននៅ អមសងខាងផ្លូវសូមចូលរួមសហការ ដើម្បីឪ្យការងារដាំបង្គោលភ្លើង និងការអូសខ្សែ ភ្លើងរបស់អគ្គិសនីកម្ពុជាខេត្តព្រះសីហនុ ប្រព្រឹត្តទៅដោយជោគជ័យ ហើយប្រជា ពលរដ្ឋតំបន់កោះនឹងមានភ្លើងរដ្ឋប្រើប្រាស់ដូចប្រជាពលរដ្ឋនៅដីគោក និងជួយសម្រួលតម្លៃភ្លើងកាន់តែថោកជាងមុន កាត់បន្ថយការចំណាយលើអគ្គិសនីនាពេលខាងមុខជាក់ជាមិនខាន៕

ប្រភព៖ ក្រសួងព័ត៌មាន