តំបន់ទាំង១២នៅក្រុងបាងកក ដែលគុណភាពខ្យល់ត្រូវធ្លាក់ចុះដោយសារធូលីខ្យល់

0

បរទេស៖ ធូលីខ្យល់កំពុងជះឥទ្ធិពលដល់គុណភាពខ្យល់នៅក្នុងផ្នែកមួយចំនួននៃទីក្រុងបាងកក ខណៈដែលសាលាក្រុងកំពុងលើកទឹកចិត្តដល់ប្រជាជននៅក្នុងតំបន់ដែលរងផលប៉ះពាល់ចំនួន១២ ឱ្យជៀសវាងសកម្មភាពនៅខាងក្រៅ។

រដ្ឋបាលទីក្រុងបាងកក (BMA) បានរាយការណ៍អំពីកម្រិតខ្ពស់ជាងកម្រិតស្តង់ដារនៃភាគល្អិតធូលីក្នុងខ្យល់ដែលតូចជាង ២,៥មីក្រូម៉ែត្រ (PM2.5) នៅស្ថានីយ៍វាស់ស្ទង់ចំនួន១២ ក្នុងរាជធានីនេះ ដែលបង្ហាញពីបរិមាណនៃគុណភាពខ្យល់មិនល្អ។

យោងតាមសាលាក្រុងបាងកកបានឱ្យដឹងថា PM2.5 បានលើសពីកម្រិតសុវត្ថិភាព ៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូបហើយនៅក្នុងតំបន់ចំនួន១២ ដែលរួមមានទាំងតំបន់ផេតកាសេម ៨១ នៅក្នុងខណ្ឌណងខែម ការិយាល័យខណ្ឌបាងស៊ូ រង្វង់មូលអូឌឹនក្នុងខណ្ឌសំផាន់ថាវង្ស តំបន់នៅទល់មុខផ្សារទំនើបស៊ីខនឃ្វែរក្នុងខណ្ឌប្រាវេត ការិយាល័យខណ្ឌបាងផ្លាត តំបន់ទល់មុខមន្ទីរពេទ្យឡាតក្រាបាងក្នុងខណ្ឌឡាតក្រាបាង ការិយាល័យខណ្ឌខ្លងសំវ៉ា តំបន់នៅច្រកចូលផ្សារថុនបុរី (សាណាមហ្លួង២) ក្នុងខណ្ឌថាវីវឌ្ឍនា តំបន់ការិយាល័យកណ្តាលនៃធនាគារអយុធ្យានៅក្នុងខណ្ឌយ៉ានណាវ៉ា តំបន់ទល់មុខផ្សារទំនើបសាំយ៉ានមីតថោនក្នុងខណ្ឌប៉ាធុមវ៉ាន់ នៅពុទ្ធមណ្ឌលទី១ នៅផ្លូវប្រសព្វបរមម៉ារ៉ាតឆាឆុនណានី ក្នុងខណ្ឌថាលីងចាន់ និងតំបន់មុខការិយាល័យក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ក្នុងខណ្ឌប៉ុមប្រាបសាតទ្រូផៃ។

សាលាក្រុងបាងកកបាននិយាយថា ខ្លួនមានផែនការឆ្លើយតបចំពោះគ្រោះមហន្តរាយអ័ព្ទនៅក្នុងឆ្នាំនេះ។ វាកំណត់គោលដៅដើម្បីផ្តល់នូវការព្យាករការបំពុលបរិយាកាសរយៈពេល ៣ថ្ងៃ ដែលអាចបង្ហាញនៅលើកម្មវិធីទូរសព្ទ BMA Traffic និងស្លាកសញ្ញាព័ត៌មានចរាចរណ៍ដែលដំណើរការដោយនាយកដ្ឋានចរាចរណ៍ និងដឹកជញ្ជូនរបស់ទីក្រុងនេះ។

ទីក្រុងបាងកក កំពុងបង្កើនចំនួនស្ថានីយ៍វាស់ស្ទង់គុណភាពខ្យល់ពី ៥៥៧ទីតាំងទៅដល់ ១ ០០០ទីតាំង ខណៈដែលកំពុងធ្វើតេស្ដផ្សែងហុយពីរថយន្ត និងឡានដឹកទំនិញដែលមានញឹកញាប់ជាងមុន។

ក្រសួងសុខភាពសាធារណៈកំពុងជំរុញឱ្យសាធារណជនទូទៅពិនិត្យស្ថានភាពគុណភាពខ្យល់ចុងក្រោយបង្អស់តាមកម្មវិធីទូរសព្ទ Air4Thai ឬចូលទៅគេហទំព័រ air4thai.pcd.go.th របស់នាយកដ្ឋានគ្រប់គ្រងការបំពុលមុននឹងចាកចេញពីផ្ទះ៕

ប្រភព៖ ក្រសួងព័ត៌មាន