បរទេស៖ ប្រធានាធិបតីតួកគី លោក រេសេប តាយយីប អេដូហ្គែន បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសតួកគីនឹងបង្កើតមជ្ឈមណ្ឌលអន្តរជាតិមួយដែលអាចផ្គត់ផ្គង់ឧស្ម័នរុស្ស៊ីទៅកាន់តំបន់អឺរ៉ុប។
លោក អេដូហ្គែន បាននិយាយដូច្នេះនៅក្នុងសភានៅឯកិច្ចប្រជុំក្រុមការងារគណបក្សយុត្តិធម៌ និងអភិវឌ្ឍដែលកំពុងកាន់អំណាច (AKP) ដែលដឹកនាំដោយរូបលោកផ្ទាល់។
លោកបាននិយាយថា «នៅក្នុងតំបន់ទ្វីបអឺរ៉ុបឥឡូវនេះ ពួកគេកំពុងដោះស្រាយជាមួយនឹងសំណួរអំពីរបៀបរក្សាភាពកក់ក្តៅក្នុងរដូវរងារខាងមុខនេះ។ យើងមិនមានបញ្ហាបែបនេះទេ។ យើងបានព្រមព្រៀងជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដើម្បីបង្កើតមជ្ឈមណ្ឌលឧស្ម័ននៅក្នុងប្រទេសរបស់យើងដែលតាមរយៈនោះ ឧស្ម័នធម្មជាតិអាចត្រូវបានដឹកជញ្ជូនទៅកាន់តំបន់អឺរ៉ុប។ ដូច្នេះហើយ អឺរ៉ុបនឹងបញ្ជាទិញឧស្ម័នពីតួកគី»។
ថ្លែងនៅក្នុងវេទិកាសប្តាហ៍ថាមពលរុស្ស៊ីកាលពីសប្តាហ៍មុន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានស្នើបង្កើតមជ្ឈមណ្ឌលឧស្ម័នដ៏ធំបំផុតនៅអឺរ៉ុបក្នុងប្រទេសតួកគី និងប្តូរទិសដៅសម្រាប់បរិមាណឧស្ម័នដែលជាការបញ្ជូនបន្តដែលមិនអាចទៅរួចតាមរយៈបំពង់បង្ហូរឧស្ម័ន Nord Stream ទៅកាន់មជ្ឈមណ្ឌលនេះ។ យោងតាមរូបលោកបានឱ្យដឹងថា វាអាចបង្កប់ន័យក្នុងការសាងសង់ប្រព័ន្ធបំពង់បង្ហូរឧស្ម័នមួយផ្សេងទៀត និងបង្កើតមជ្ឈមណ្ឌលមួយនៅក្នុងប្រទេសតួកគីដែលតាមរយៈនោះ ឧស្ម័ននឹងត្រូវបានផ្គត់ផ្គង់ទៅប្រទេសទីបី ជាពិសេសតំបន់អឺរ៉ុប ប្រសិនបើពួកគេចាប់អារម្មណ៍៕
ប្រភព៖ ក្រសួងព័ត៌មាន