ក្រុមបាល់ទាត់វិទ្យាល័យព្រះស៊ីសុវត្ថិ ក្លាយជាម្ចាស់ជើងឯកបាល់ទាត់វិទ្យាល័យ

0

ភ្នំពេញ៖ ក្រុមបាល់ទាត់វិទ្យាល័យព្រះស៊ីសុវត្ថិ បានក្លាយជាម្ចាស់ពានរង្វាន់ជើងឯកវិទ្យាល័យ លើកទី២ រដូវកាល ២០២២ បន្ទាប់ពីបានយកឈ្នះក្រុមវិទ្យាល័យឥន្រ្ទទេវី ដែលជាក្រុមការពារម្ចាស់ដំណែងជើងឯករដូវកាលទី១ ឆ្នាំ២០១៩ ដោយលទ្ធផល៣ទល់១ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំខាលចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នៅកីឡដ្ឋានខេមបូឌា អ៊ែរវ៉េ រាជធានីភ្នំពេញ។

ពិធីបិទការប្រកួត ប្រគល់ពានរង្វាន់ ការបំពាក់មេដាយជ័យលាភី ត្រូវបានប្រារព្ធធ្វើឡើងក្រោមវត្តមានឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា(ស.ស.យ.ក.) ។ ព្រឹត្តិការណ៍បាល់ទាត់ជើងឯកវិទ្យាល័យនេះ ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើម ដោយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងក្លិបកីឡាបាល់ទាត់បឹងកេត ដែលមានការអនុញ្ញាត និងគាំទ្រពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា។ គោលបំណងចម្បងនៃព្រឹត្តិការណ៍នេះ គឺចូលរួមលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជា បណ្តុះស្មារតីដល់យុវជនឱ្យចូលរួមលេងកីឡា ចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ជួយបណ្ដុះយុវជនឱ្យសម្រេចគោលដៅ និងសុបិន្តក្លាយជាកីឡាករអាជីពរបស់ពួកគេ សម្រិតសម្រាំងរកធនធានកីឡាករល្អៗជាថ្នាលបន្តវេន ព្រមទាំងបង្កើននូវភាពសប្បាយរីករាយរិតចំណងមិត្តភាព សាមគ្គីភាពរវាងសិស្សានុសិស្សតាមគ្រឹះស្ថានសិក្សានានា។

បន្ថែមពីលើនេះ តាមរយៈព្រឹត្តិការណ៍នេះ ក៏ជាការផ្តល់ឱកាសដល់យុវជន ដើម្បីបន្តវេន និងសម្រួចនូវផ្នត់គំនិតដល់យុវជន នៅកម្រិតមធ្យមសិក្សា ស្របតាមពាក្យស្លោក “កូនល្អ សិស្សល្អ កីឡាករគំរូ សាលារៀនស្អាត” ដោយសហភាពសហព័ន្ធយុវជនកម្ពុជាសង្ឃឹមថា ការចូលរួមប្រកួតពានរង្វាន់ជើងឯកវិទ្យាល័យនេះ នឹងផ្តល់នូវបទពិសោធន៍ល្អៗដល់ថ្នាក់ដឹកនាំ គ្រូបង្វឹក ជាពិសេសកីឡាករទាំងអស់ បន្តក្តីសង្ឃឹមរបស់ខ្លួនក្លាយជាកីឡាករអាជីព នាពេលអនាគត។ ជាមួយគ្នានេះ ស.ស.យ.ក. រាជធានីភ្នំពេញ បានប្តេជ្ញានឹងបន្តខិតខំរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់ជើងឯកវិទ្យាល័យ នារដូវកាលក្រោយៗទៀត ដើម្បីបណ្តុះយុវជនល្អៗ ចូលរួមចំណែកដល់ជម្រើសជាតិកម្ពុជានាពេលអនាគត។

ឆ្នាំ២០២២នេះ ជើងឯកវិទ្យាល័យបានចាប់ផ្តើមជាលើកទី២ ក្រោយខកខានរយៈពេល២ឆ្នាំ ដោយសារការរីករាលដាលជំងឺកូវីដ-១៩។ ដោយមានការផ្សព្វផ្សាយអំពីពានរង្វាន់នេះ យ៉ាងទូលំទូលាយ ធ្វើឱ្យមានចំណាប់អារម្មណ៍ពីគ្រឹះស្ថានសិក្សា នៅក្នុងរាជធានីភ្នំពេញ បានចុះឈ្មោះចូលរួមប្រកួតពានរង្វាន់ជើងឯកវិទ្យាល័យ លើកទី២ ឆ្នាំ២០២២ ចំនួន ១២វិទ្យាល័យ។ ការប្រកួតនេះបានចាប់ផ្ដើមដំណើរការពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ដែលធ្វើឡើងរៀងរាល់ល្ងាចថ្ងៃពុធ និងថៃ្ង ព្រហស្បតិ៍ ដោយប្រើប្រាស់៣ទីលាន។

គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីការប្រកួតវគ្គសន្សំពិន្ទុ រយៈពេល ១១សប្តាហ៍ ចំនួន ៦៦ប្រកួតរួចមក មាន៤ក្រុមដែលបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិ, វិទ្យាល័យ ហ៊ុន សែន សេរីភាព, វិទ្យាល័យឥន្ទ្រទេវី, និងវិទ្យាល័យ ជា ស៊ីម សាមគ្គី ។

គួរបញ្ជាក់ថា សម្រាប់បេក្ខភាពវគ្គផ្តាច់ព្រ័ត្រ វិទ្យាល័យឥន្ទ្រទេវី ដែលជាម្ចាស់ជើងឯករដូវកាលទី១ បានប្រឹងប្រែងវិវត្តន៍ខ្លួនពីចំណាត់ថ្នាក់លេខ៩ ក្នុងតារាងពិន្ទុ នាសប្ដាហ៍ដំបូងរហូតឡើងមកដល់ចំណាត់ថ្នាក់លេខ៣ ដែល ១១ប្រកួត ទទួលបានជ័យជម្នះ ៦ប្រកួត ស្មើ ២ប្រកួត និងចាញ់ ៣ប្រកួត មាន២០ពិន្ទុ ហើយបានទម្លាក់ក្រុមចំណាត់ថ្នាក់លេខ២ គឺវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ លទ្ធផលទាំងពីរជើង ៧ទល់៣ ទើបកក់កៅអីវគ្គផ្តាច់ព្រ័ត្រ ដើម្បីបន្តក្តីសង្ឃឹមការពារដំណែងជើងឯករដូវកាលនេះ។ ចំណែកឯ បេក្ខភាពក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិ ជាក្រុមចំណាត់ថ្នាក់លេខ៣ កាលពីរដូវកាលទី១ (ឆ្នាំ២០១៩) បានវិវត្តន៍ខ្លួនយ៉ាងល្អ តាំងពីដើមរដូវកាលទី២នេះ ដែល ១១ប្រកួតក្នុងវគ្គសន្សំពិន្ទុ ឈ្នះ ៩ប្រកួត ស្មើ ២ប្រកួត មិនទាន់ស្គាល់ពាក្យថាចាញ់ មាន២៩ពិន្ទុ ឈរកំពូលតារាង។ មិនត្រឹមតែប៉ុណ្ណោះ វិទ្យាល័យព្រះស៊ីសុវត្ថិ បានបន្តកំណត់ត្រារបស់ខ្លួន ដោយឈ្នះទាំង២ជើង ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺទម្លាក់វិទ្យា ល័យ ជា ស៊ីម សាមគ្គី លទ្ធផលសរុប ៧ទល់នឹង២ ទើបឡើងមកប្រកួតជាមួយវិទ្យាល័យឥន្ទ្រទេវី ៕

ប្រភព៖ ក្រសួងព័ត៌មាន