នាយករដ្ឋមន្ត្រីបង់ក្លាដែស ព្រមានប្រជាជនខ្លួនអំពីគ្រោះទុរ្ភិក្សសកលលោក ដែលកំពុងកើតមាន

0

បរទេស៖ នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី ស្សៀក ហាស៊ីណា បានស្នើឱ្យពលរដ្ឋទាំងអស់ប្រើប្រាស់ដីដែលមិនទាន់ដាំដុះសម្រាប់ធ្វើកសិកម្ម និងការពារប្រទេសពីគ្រោះទុរ្ភិក្សសកលលោកដែលកំពុងកើតមាន។

លោក ហាស៊ីណា បាននិយាយនៅពេលដែលោកស្រីចូលរួមព្រឹត្តិការណ៍ប្រារព្ធទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២២ ថា «ខ្ញុំសូមស្នើម្តងទៀតដល់អ្នកទាំងអស់គ្នាកុំឱ្យខ្ជះខ្ជាយអាហារ និងត្រូវបង្កើនការផលិតស្បៀងអាហារ។ នាំយកដីគ្រប់អ៊ីញទាំងអស់ទៅធ្វើការដាំដុះ ដើម្បីការពារប្រទេសបង់ក្លាដែសពីស្ថានភាពទុរ្ភិក្ស និងឱនភាពអាហារដែលអាចកើតមានឡើង»។

នាយករដ្ឋមន្ត្រីរូបនេះបានជំរុញឱ្យប្រជាជនធ្វើការដាំដុះអ្វីក៏ដោយដែលអាចធ្វើបាន ខណៈដែលរដ្ឋាភិបាលបាននិងកំពុងស្វែងរកអាហារចម្បងៗ ដូចជាអង្ករ និងស្រូវសាលី នៅក្នុងទីផ្សារពិភពលោកដើម្បីធានាឱ្យមានគ្រាប់ធញ្ញជាតិអាហារ។

នាយករដ្ឋមន្ត្រីបាននិយាយថា ប្រសិនបើប្រជាជនមករួមគ្នាផលិតស្បៀងអាហារ ប្រទេសបង់ក្លាដែសនឹងមិនប្រឈមមុខនឹងវិបត្តិបែបនេះទេ បើទោះបីជាពិភពលោកអាចនឹងរងគ្រោះទុរ្ភិក្សខ្លាំងក៏ដោយ។

ពាណិជ្ជកម្មអន្តរជាតិដែលគ្រប់គ្រងដោយប្រាក់ដុល្លារអាម៉េរិកបានធ្វើឱ្យវិបត្តិនៅទ្វីបអាហ្រ្វិក និងអាស៊ីកាន់តែធ្ងន់ធ្ងរឡើង ដោយសារតែប្រទេសជាច្រើននៅក្នុងតំបន់ទាំងនេះកំពុងប្រជែងយករូបិយប័ណ្ណបរទេសដើម្បីទូទាត់ថ្លៃទំនិញនាំចូលស្បៀងអាហាររបស់ខ្លួន។

យោងតាមកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានឱ្យដឹងថា ពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិស្បៀងអាហារដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រទំនើប។

ប្រទេសបង់ក្លាដែសដែលជាប្រទេសមួយមានប្រជាជនប្រមាណ ១៦៥លាននាក់ សង្ឃឹមថានឹងទទួលបានថវិកាចំនួន ៥,៥ប៊ីលានដុល្លារអាម៉េរិកពីមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ក្នុងការគាំទ្រផ្នែកថវិកា ខណៈដែលទុនបម្រុងរូបិយប័ណ្ណបរទេសបានធ្លាក់ចុះដល់តម្លៃ ៣៦,៣៣ប៊ីលានដុល្លារអាម៉េរិកគិតត្រឹមថ្ងៃទី១២ ខែតុលា៕

ប្រភព៖ ក្រសួងព័ត៌មាន